តើគម្រោងផែនការខ្សែក្រវាត់និងផ្លូវរបស់ចិនអាចជួយទប់លំនឹងសេដ្ឋកិច្ចកម្ពុជាពីកូវីដបានទេ?

អ្នកវិភាគសេដ្ឋកិច្ច រដ្ឋមន្រ្តី និងអ្នកនាំពាក្យរដ្ឋាភិបាល ជាច្រើនរូប បានយល់ឃើញដូចគ្នាថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានប្រភពទុនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន បាននិងកំពុងជួយជំរុញសេដ្ឋកិច្ចកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ ហើយក៏ជាចលករសំខាន់ ជួយទប់លំនឹងសេដ្ឋកិច្ចក្នុងអំឡុងវិបត្តកូវីដ១៩ នេះ។

សាស្ត្រាចារ្យ នាក់ ចិន្តារិទ្ធ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថាក្នុងសារព័ត៌មាន Xinhua ចេញផ្សាយកាលពីថ្ងៃទី ១ កញ្ញា នេះថា គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន បានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងបង្កើតស្ថេរភាពក្នុងកំឡុងកូវីដ១៩។

លោកបន្តថា គម្រោងទាំងនេះ នឹងចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាក្នុងការស្តារឡើងវិញក្រោយកូវីដ-១៩ ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាជាមួយសេដ្ឋកិច្ចដទៃទៀតនៃពិភពលោក។

ដូចគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីថ្ងៃទី ០១ ខែកញ្ញា កន្លងទៅថា កម្ពុជា បាននិងកំពុងទទួលបានផលប្រយោជន៍ជាច្រើនចេញពីគំនិតផ្តួចផ្តើមនេះ សឱ្យឃើញតាមរយៈសមិទ្ធិផលហេដ្ឋរចនាសម្ព័ន្ធជាច្រើន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេ ជាដើម។

«ការអភិវឌ្ឍទាំងនេះនឹងឈានទៅដល់ ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និងការលុបបំបាត់ភាពក្រីក្រ» ឯកឧត្តមបានបន្ត។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ប្រទេសចិន នាំមុខគេលើការផ្តល់កម្ចីសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដែលមកទល់ពេលបច្ចុប្បន្ននេះ មានទឹកប្រាក់កម្ចីជិត ៣ប៊ីលានដុល្លារ។

ឯកឧត្តម ផៃ ស៊ីផាន ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គម្រោងវិនិយោគនានាស្ថិតក្រោមការវិនិយោគ និងជំនួយរបស់ប្រទេសចិន បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលវិបត្តិនៃការរីករាលដាលជំងឺកូវិដ១៩។

ឯកឧត្តម បន្តថា គម្រោងវិនិយោគនានា ដែលនៅក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដូចជា ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ពហុកីឡាដ្នានមរតកតេជោ និងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុជាដើម បាននិងកំពុងបន្តដោយរលូន។

«ទោះបីរងផលប៉ះពាល់ដោយវិបត្តិកូវិដ១៩ ការសាងសង់គម្រោងធំៗនានា នៅតែបន្តដំណើរការនៃការសាងសង់ធម្មតា ដែលជាកត្តាជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា»។

ឯកឧត្តម បន្ថែមថា ក្រោយពេលដែលគម្រោងទាំងអស់នេះបញ្ចប់ និងដាក់ឱ្យដំណើរការ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិកូវីដ១៩។

- Video Advertisement -