ថៃកំពុងប្រែក្លាយមន្ទីរឃុំឃាំងសរុប៧២កន្លែងជាតំបន់ទេសចរណ៍
រូបភាពពី៖ Chiangrai Times
ប្រទេសថៃគ្រោងប្រែក្លាយមន្ទីរឃុំឃាំងចំនួន ៧២កន្លែង ឬស្មើនឹង ៥០% នៃមន្ទីរឃុំឃាំងសរុបទូទាំងប្រទេស ទៅជាតំបន់ភ្ញៀវទេសចរណ៍។ នេះបើយោងតាមសារព័ត៌មាន Chiangrai Times កាលពីចុងខែសីហាកន្លងទៅ។
មន្រទីឃុំឃាំងចំនួន ៧២កន្លែងនោះ នឹងត្រូវរៀបចំឱ្យមានជាកន្លែងធ្វើកម្មវិធីប្រលងធ្វើម្ហូប ស្ដង់លក់វត្ថុអនុវស្សារីយផ្សេងៗដែលធ្វើឡើងដោយអ្នកទោស និងកន្លែងផ្សេងៗទៀតដើម្បីបង្ហាញពីទេពកោសលរបស់អ្នកទោសក្នុងមន្ទីរឃុំឃាំងទាំងនោះ។
គម្រោងនេះនឹងជួយលើកកម្ពស់មុខជំនាញជាច្រើនប្រភេទ ដែលជួយដល់អ្នកទោសទាំងនោះអាចស្វែងរកមុខរបរបានត្រឹមត្រូវ ក្រោយពេលចេញពីមន្ទីរឃុំឃាំង។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានឱ្យដឹងថា៖ «គម្រោងនេះត្រូវបានអនុវត្តនៅមន្ទីរឃុំឃាំងចំនួន ៥ រួចមកហើយ ដែលរួមមានមន្ទីរឃុំឃាំងនៅ ត្រាត រ៉ាយ៉ង រ៉ាត់បូរី និងនគររាជសីមាជាដើម។ យើងនឹងបន្តការផ្លាស់ប្ដូរមុខមាត់មន្ទីរឃុំឃាំង ៦៧ កន្លែងទៀត សរុប ៧២ មន្ទីរ ឬស្មើនឹង ៥០% នៃចំនួនមន្ទីរឃុំឃាំងទាំងអស់»។
រដ្ឋមន្ត្រីរូបនេះ ក៏បានឲ្យដឹងថា គម្រោងនេះមិនអាចអនុវត្តបានគ្រប់ឃុំឃាំងទាំងអស់ក្នុងប្រទេសទេ ព្រោះវានៅមានកម្រិត។
ដោយឡែក ប្រសិនបើគម្រោងនេះទទួលបានប្រជាប្រិយភាព ក្រសួងយុត្តិធម៌នឹងសហការជាមួយក្រសួងទេសចរណ៍ ប្រែក្លាយគម្រោងនេះទៅជាការលើកកម្ពស់វិស័យទេសចរណ៍នៅប្រទេសថៃ។

