ទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA

បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែបញ្ហាផ្លូវខូចនៅក្នុងទីក្រុង សុទ្ធសឹងតែជាកត្តាគំរាមកំហែងដល់ទីក្រុង ដែលត្រូវចំណាយកម្លាំង និងថវិកាច្រើនដើម្បីដោះស្រាយ។ ចុះបើមានកម្មវិធីឆ្លាតវៃដើម្បីគ្រប់គ្រងបញ្ហាទាំងនេះវិញ ទីក្រុងនឹងទៅជាយ៉ាងណា?

ក្រុមហ៊ុនល្បីលំដាប់ពិភពលោក ២ រួមមាន ក្រុមហ៊ុន Bentley Systems និង ក្រុមហ៊ុន NVIDIA កំពុងឈរនៅជួរមុខនៃចលនាសកលក្នុងការធ្វើឱ្យទីក្រុងកាន់តែ ឆ្លាតវៃ មានសុវត្ថិភាព និងគួរឱ្យចង់រស់នៅ។

នៅក្នុងពិព័រណ៍ពិភពលោក Smart City Expo World Congress ក្នុងទីក្រុងបាសេឡូណា កាលពីថ្ងៃទី 4 ដល់ 6 ខែវិច្ឆិកា នេះ ឧទាហរណ៍គម្រោងទីក្រុងឆ្លាតវៃមួយនៅទីក្រុងឌូប្លាំង ត្រូវបានលើកយកមកបង្ហាញ។

ទីក្រុងឌូប្លាំង (Dublin) ដែលជារដ្ឋធានីរបស់ប្រទេសអៀរឡង់ កំពុងសាកល្បងប្រើកម្មវិធី digital twin ដ៏ទំនើបថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ ប្រព័ន្ធទិន្នន័យភូមិសាស្ត្រ Cesium របស់ Bentley Systems និង ទិន្នន័យរបស់ NVIDIA Omniverse។

ការច្របាច់បញ្ចូលនៅនៃទិន្នន័យ និងកម្មវិធីរបស់ក្រុមហ៊ុនទាំង ២ នេះ គឺអ្វីមួយដែលអស្ចារ្យ ដោយគ្រប់បញ្ហាទីក្រុងគឺអាចមើលឃើញបានភ្លាមៗជាក់ស្ដែង លើប្រព័ន្ធកុំព្យូទ័រ ពោលគឺមិនចាំបាច់ចំណាយកម្លាំងមនុស្សចុះទៅពិនិត្យជាក់ស្ដែងទេ។

កម្មវិធីនេះប្រើរូបភាពភូមិសាស្ដ្របែប 3D របស់ Bentley ដែលបង្ហាញរូបភាពទីក្រុងដូចពិតជាក់ស្ដែងនៅគ្រប់ទីតាំង បូកផ្សំនឹងឧបករណ៍ចាប់សញ្ញាដែលបំពាក់នៅតាមទីតាំងនានារបស់ NVIDIA ក៏ដូចជារូបភាពពី Drone  ដើម្បីវិភាគរកបញ្ហា។

ទិន្នន័យទាំងនេះនឹងត្រូវបានបញ្ចូលទៅក្នុងកម្មវិធីទីក្រុងភ្លោះ ឬ iTwin ដែលបន្ទាប់មកនឹងត្រូវបានវិភាគដោយបញ្ញាសិប្បនិម្មិត (AI) មុននឹងចេញជារបាយការណ៍អំពីបញ្ហាឱ្យយើងបានដឹង។

កម្មវិធីអាចចាប់ទិន្នន័យបានគ្រប់យ៉ាង ដូចជាលំហូរចរាចរណ៍ ទាំងឡាន រថភ្លើង អ្នកជិះកង់ និងអ្នកថ្មើរជើង។ ដូច្នេះកម្មវិធីមិនត្រឹមតែវិភាគស្ថានភាពភូមិសាស្ដ្រ និងស្វែងកំហូចទេ វាក៏វិភាគអាកប្បកិរិយារបស់អ្នកប្រើប្រាស់ផ្លូវផងដែរ ដែលជាលទ្ធផលគឺជួយរដ្ឋបាលក្រុងចាត់ចែងចរាចរណ៍៍ឱ្យសមស្រប ដើម្បីកាត់បន្ថយការកកស្ទះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងគម្រោងទីឆ្លាតវៃនេះ NVIDIA គឺជាអ្នកផ្តល់ជូននូវ NVIDIA Blueprint for smart city AI ដែលជាលំហូរការងារដែលគ្របដណ្តប់លើការបង្កើតគំរូដូចពិត និងជាអ្នកបង្វឹក AI។ រីឯ Bentley Systems គឺជាអ្នកផ្ដល់ទិន្នន័យទីក្រុងភ្លោះ ដើម្បីផ្តល់ជូននូវលំហូរការងារទីក្រុងឆ្លាតវៃដ៏ពេញលេញ។

បណ្តុំរូបភាពស្តីកម្មវិធីធ្វើគំរូទីក្រុង 3D អ្នកចូលរួមក្នុងព្រឹត្តិការណ៍ធ្វើការជាមួយកុំព្យូទ័រ និងអ្នកជំនាញពីរនាក់កំពុងនិយាយទៅកាន់កាមេរ៉ា។ ស្លាកសញ្ញា Urban Tech Challenge Dublin អាចមើលឃើញ ដែលបង្ហាញពីការចូលរួមចំណែករបស់ Bentley និង NVIDIA ចំពោះទីក្រុងឆ្លាតវៃ។

លោកស្រី Nicola Graham អ្នកគ្រប់គ្រងកម្មវិធីទីក្រុងឆ្លាតវៃសម្រាប់ក្រុមប្រឹក្សាក្រុងឌូប្លាំង បានសង្កត់ធ្ងន់ថា​ ការបង្កើតទីក្រុងឆ្លាតវៃ ចំណុចសំខាន់បំផុតគឺ ការសហការ។

«បើគ្មានការសហការពីគ្រប់ផ្នែកទេនោះ យើងមិនអាចបង្កើតទីក្រុងឆ្លាតវៃបានទេ។ ទិន្នន័យត្រូវគ្រប់ជ្រុងជ្រោយពីគ្រប់ផ្នែក ទើបយើងអាចចាត់ការជាមួយនឹងបញ្ហាបានត្រូវចំណុច» លោកស្រី បានបញ្ជាក់។

«យើងក៏ត្រូវធ្វើការយ៉ាងស្អិតរមួតជាមួយវិស័យឯកជន ជាមួយសាកលវិទ្យាល័យ និងជាមួយប្រជាជន ដើម្បីព្យាយាមស្វែងយល់ពីតម្រូវការរបស់ពួកគេ ហើយប្រើប្រាស់បច្ចេកវិទ្យាដើម្បី ធ្វើឱ្យទីក្រុងកាន់តែគួរឱ្យចង់រស់នៅ»។

ក្រៅពីទីក្រុងឌូប្លាំង ទីក្រុងហូជីមិញ ប្រទេសវៀតណាម និង ទីក្រុង Raleigh រដ្ឋ North Carolina សហរដ្ឋអាមេរិក ក៏កំពុងបង្ហាញពីវឌ្ឍនភាព AI ដោយប្រើប្រាស់ NVIDIA AI នៅក្នុងការប្រជុំនេះដែឬ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទីក្រុងឌុប្លាំងប្រើ បច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីដើម្បីកសាងអនាគតដ៏ឆ្លាតវៃ និងមានសុវត្ថិភាព

ទីក្រុងឌុប្លាំងកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ តា […]

បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស […]

ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ […]

ក្រុមហ៊ុន NTT ចង់ពង្រីកការវិនិយោគរបស់ខ្លួន ផ្តោតលើការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បានបង្ហាញបំ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែ […]