ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៤ កន្លងទៅ សម្រេចបានជាង ២០៦ លានដុល្លារអាមេរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ បានឱ្យដឹងថា បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន $៥១៥.២១ លានដុល្លារ ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង $២០៦ លានដុល្លារអាមេរិក។

នាឱកាសនោះ ដែរ លោក ហ្រ្វង់ស័រ ហ្គេស បានឱ្យដឹងថា តាមគម្រោង ក្រុមហ៊ុនលោកនឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ មានដូចជាផលិតផលផ្នែកអនាម័យ សុខភាព សម្ភារៈប្រើប្រាស់ និងគ្រឿងសំអាង មកលក់នៅកម្ពុជា។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុននឹងនាំទំនិញប្រមាណ៤០០ មុខ ហើយនឹងពង្រីកដល់១ពាន់មុខ នាពេលអនាគត។

លោកបន្តថា អាជីវកម្មរបស់ក្រុមហ៊ុនលោកនឹងផ្តើមដំណើរការនៅដើមឆ្នាំ២០២៦ ឆាប់ៗនេះ។ លោកបានបញ្ជាក់ថា ទំនិញទំាងអស់នឹងនាំចេញពីរោងចក្រផ្ទាល់នៅប្រទេសបារំាង ហើយការនាំចេញផ្ទាល់ពីរោងចក្រមកលក់លើទីផ្សារកម្ពុជានេះ នឹងធ្វើឱ្យតម្លៃលក់នៅកម្ពុជា ប្រហាក់ប្រហែលនឹងការលក់នៅលើទីផ្សារក្នុងប្រទេសបារំាងដែរ។

ជាការឆ្លើយតប សម្តេច ឃួន សុដារី បានស្វាគមន៍ចំពោះវត្តមានក្រុមវិនិយោគិនបារាំង ដែលអញ្ជើញមកបណ្តាក់ទុននៅកម្ពុជា។ លោកស្រីបន្តថា ការវិនិយោគនេះ គឺស្របពេលដែលសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់បារាំងនៅកម្ពុជាទើបបានផ្សព្វផ្សាយសៀវភៅមគ្គុទេ្ទសក៍ស្តីពី “ការធ្វើធុរកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ (២០២៥-២០២៦) កាលពីខែវិច្ឆិកាកន្លងទៅ។

តាមរយៈជំនួបនោះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំងនឹងត្រូវដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង