ធនាគារជាតិនៃកម្ពុជា វិទ្យាស្ថានជាតិស្ថិតិ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន
ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន ដែលជាម៉ែត្រវាស់ស្ទង់ និងកំណត់ការវាយតម្លៃអចលនទ្រព្យ និងសំណង់ ឲ្យបានជាក់លាក់ សម្រាប់ជាមូលដ្ឋានវាយតម្លៃរបស់គ្រឹះស្ថានធនាគារនានា ដើម្បីចៀសវាងនូវហានីភ័យផ្សេងៗ។
ពិធីដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមាន លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកជំទាវ ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងក្នុងពិធីខាងលើនេះ លោកជំទាវ ជា សិរី មានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន នឹងរួមចំណែកសំខាន់ ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរិមា ក្នុងគោដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លោកជំទាវ ហង់ លីណា បានថ្លែងថា សន្ទស្សន៍ថ្លៃលំនៅឋាន នឹងជាសូចនាករមួយដ៏សំខាន់ ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅឋានដែលកំពុងរីកចម្រើនខ្លាំង ក្នុងពេលពីរទសវត្សកន្លងមកនេះ។
លោកជំទាវ ហង់ លីណា បានបន្ថែមថា លើសពីនេះសន្ទស្សន៍ថ្លៃលំនៅឋាន នឹងតាមដាន និងត្រួតពិនិត្យទាន់ពេល និងជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើតឡើងចេញពីវិបត្តិនៃវិស័យអចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនជួបប្រទះក្នុងពេលកន្លងមក៕

