បច្ចេកវិទ្យាថ្មីលាយដីនិងស៊ីម៉ងត៍ របស់កាណាដា អាចធើ្វឱ្យសំណង់កម្ពុជារឹងមាំជាងធម្មតា២-៣ដង

ក្រុមហ៊ុនឌូរ៉ាហ្លិច (Duraflex) និងក្រុមហ៊ុន​ QBT ដែលជាក្រុមហ៊ុនរបស់ប្រទេសកាណាដា​ បានបង្ហាញពីបច្ចេកវិទ្យាទំនើបថ្មីៗ របស់ខ្លួនក្នុងជួយគាំទ្រដល់គម្រោងសាងសង់សំណង់ការងារទឹក និងប្រព័ន្ធធារាសាស្រ្ត។ នេះបើតាមជំនួបជាមួយអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២​២​។​

បើតាមការបង្ហាញរបស់ក្រុមហ៊ុនទាំងពីរ បច្ចេកវិទ្យាថ្មីៗទើបនេះ អាចធ្វើឱ្យសំណង់កាន់តែមានគុណភាពខ្ពស់ ចំណេញពេលវេលាសាងសង់ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្ពស់។

ក្រុមហ៊ុនឌូរ៉ាហ្លិច (Duraflex) បានឱ្យដឹងថា ម្សៅ Duraflex​ ជាផលិតផលបច្ចេកវិទ្យាថ្មីសម្រាប់លាយជាមួយដី​ និងស៊ីម៉ងត៍​ ដើម្បីធ្វើឲ្យរឹងមាំល្អ​ ដោយមិនចាំបាច់ប្រើប្រាស់ក្រួស​ សរសៃដែក​ និងខ្សាច់​ សម្រាប់សំណង់ធារាសាស្ត្រ​ ក៏ដូចជាសំណង់ផ្សេងទៀត​ ដែលអាចជួយធ្វើ ឲ្យចំណេញថ្លៃដើម​ ពេលវេលា​ ជាពិសេសមិនប៉ះពាល់ដល់បរិស្ថានក្នុងបរិបទបម្រែបម្រួលអាកាសធាតុនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ QBT បាននាំចូល​ និងចែកចាយនូវម្សៅ​ Xypex ជាផលិតផលបច្ចេកវិទ្យាថ្មីសម្រាប់លាយជាមួយទឹក​ និងស៊ីម៉ង់​ ដែលកាន់តែធ្វើឱ្យគុណភាពបេតុងមានភាពធន់រឹងមាំ​ និងអាយុកាលវែងជាងធម្មតា​ ២-៣ដង​ និងជួយការពារជម្រាបទឹកបានល្អ​ ដែលអាចជួយឲ្យចំណេញ​លើការកាត់បន្ថយនូវការងារជួសជុលផងដែរ។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានមានប្រសាសន៍ថា ផលិតផលទាំងពីរនេះ​ ពិតជាមានសារ:សំខាន់ខ្លាំងសម្រាប់ការងារសំណង់ទឹក និងប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា តែទាមទារតម្រូវឲ្យមាននូវម៉ាស៊ីន​ និងឧបករណ៍ទំនើបជំនួយគាំទ្របន្ថែមដែលមានតម្លៃខ្ពស់​​។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានស្នើឲ្យក្រុមការងារក្រសួង​ នឹងក្រុមងាររបស់ក្រុមហ៊ុនទាំងពីរត្រូវធ្វើការសិក្សាប្រៀបធៀបបន្ថែមអំពីថ្លៃដើមនេះ។

បន្ថែមពីលើនេះ​ ឯកឧត្តម ក៏បានស្នើឲ្យក្រុមហ៊ុនមានការធ្វើគំរូសាកល្បងនៅទីតាំងសំណង់ធារាសាស្ត្រសមរម្យជាក់ស្តែងណាមួយជាមួយនឹងផលិតផលទាំងពីរខាងលើនេះ​ ដើម្បីជាទឡ្ហីករណ៍ក្នុងការគិតគូរពិចារណាបន្ថែមទៀតផងដែរ។

- Video Advertisement -