បារាំងបង្កើនទំហំហិរញ្ញប្បទានដល់ ២០០លានអឺរ៉ូ ដល់កម្ពុជា ខណៈ ២៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍផ្លូវជនបទ
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី ១០០ លានអឺរ៉ូ ទៅ ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងបានបញ្ជាក់អំពីជំហរក្នុងបន្ថែមជូននូវទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ ស្មើនឹងជាង ២៧លានដុល្លារអាមេរិក ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ។
នេះបើតាមកិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងលោកជំទាវMarie-Helene LOISON អនុប្រធានប្រតិបត្តិរបស់ AFD ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោកជំទាវបានបញ្ជាក់ថា បារាំងនៅតែបន្តគាំទ្រ និងសហការលើគ្រប់វិស័យរបស់កម្ពុជា ហើយថែមទាំងជួយកៀរគរហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រសកម្មភាពរបស់ AFD ឆ្នាំ២០២២–២០២៦ សម្រាប់កម្ពុជា។
ជាមួយគ្នានេះដែរ AFD ក៏បានផ្តល់ហិរញ្ញប្បទានចំនួន ២៥លានអឺរ៉ូ នឹងចាក់បំពេញបន្ថែមទៅក្នុងកម្មវិធី RID4CAM ជំហាន ១ ដែលកំពុងដំណើរការស្រាប់។
គួរបញ្ជាក់ថា កម្មវិធី RID4CAM នេះ មានគោលដៅផុ្តល់ហិរញ្ញប្បទានដើម្បីអភិវឌ្ឍបណ្តាញផ្លូវថ្នល់ក្នុងខេត្តមួយចំនួននៅតំបន់ទំនាបកណ្តាលនៃប្រទេស ដែលមានចំនួនប្រជាជនច្រើន និងងាយរងគ្រោះបំផុតដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ។ គម្រោងនេះក៏នឹងពង្រឹងសមត្ថភាពរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែរ។
កន្លងមក ក្រោមកម្មវិធី RID4CAM ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)តំណាងឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេស។ (អានបន្ថែម)
ក្នុងនោះ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានផ្តល់ជាកម្ចី និងជំនួយសរុប ៣៧,១ លានអឺរ៉ូ រីឯកម្ចីរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ៥០លានអឺរ៉ូ និង ជំនួយរបស់សហភាពអឺរ៉ុបចំនួន ៨,៧៣លានអឺរ៉ូ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ បារាំងតាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៩២៧លានអឺរ៉ូ ក្នុងនោះឥណទានសម្បទានមានចំនួនប្រមាណ ៥៤៨លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨លានអឺរ៉ូ ដោយផ្តោតលើវិស័យកសិកម្ម ធារាសាស្ត្រ ទឹកស្អាត ថាមពល អប់រំ សុខាភិបាល ទេសចរណ៍ បរិស្ថាន និងមីក្រូហិរញ្ញវត្ថុ។
- Video Advertisement -