ផ្លូវក្រវាត់រាជធានីភ្នំពេញខ្សែទី៣ សម្រេចបាន ៣៧,១៥% ហើយ

គិតត្រឹមចុង ខែ មេសា ឆ្នាំ​ ២០២០ ផ្លូវក្រវាត់ក្រុងទី៣ ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​កណ្ដាល​នេះ​ សម្រេចការ​សាងសង់​បាន ​៣៧,១៥% ហើយ​។

លោក​ ហ៊ាង​ សុទ្ធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ប្រាប់​ ទស្សនាវដ្ដី​សំណង់​​ និង​អចលនទ្រព្យ​ថា ដំណើរ​ការនៃ​ការ​សាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានសម្រេចបាន ៣៧,១៥% ហើយ បើគិតត្រឹមចុងខែមេសា ២០២០ នេះ។

លោក​ក៏បាន​បន្ថែម​ថា​៖ «បើទោះជាពិភពលោក និងកម្ពុជាជួបវិបត្តិនៃការផ្ទុះឡើង នៃ COVID19 ក្តី គម្រោងផ្លូវក្រវ៉ាតក្រុងទី៣ នៅតែដំណើរការបានល្អប្រសើរដដែល។»

ផ្លូវក្រវ៉ាត់ក្រុង​មួយ​ខ្សែនេះ មានប្រវែងសរុបប្រមាណជា​ ៥២,​៩៨៣ គីឡូម៉ែត្រ ឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល ប្រវែងជិត ៣៨ គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលត្រូវ​បាន​បើក​សម្ពោធបើក​ការដ្ឋានសាងសង់កាល​ពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩។

ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី ៣ នេះ ក៏នឹងមានការសាងសង់ស្ពានអាកាស ឆ្លងកាត់ចំនួនបួនកន្លែងប្រវែងសរុប ១០០០ ម៉ែត្រ ដែលការសាងសង់នេះ ​នឹងត្រូវចំណាយ​ថវិកាប្រមាណ ២៧៣ លានដុល្លារអាមេរិក​ដែល​ជា​កម្ចី​ពីសាធារណរដ្ឋប្រជាមានិតចិន។​

តាមការបញ្ជាក់របស់ឯកឧត្ដមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវ​មួយ​ខ្សែនេះ​ នឹងប្រើប្រាស់រយៈពេលប្រហែល ៤២ ខែ ដើម្បី​សាង​សង់​ គិត​ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ ខែធ្នូ ឆ្នាំ២០២១។ (អាន​បន្ថែម​)

- Video Advertisement -