ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គ្រោងបញ្ចប់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

អភិបាលខេត្តពោធិ៍សាត់ថ្មី ឯកឧត្តម ជាវ តាយ កាលពីថ្មីៗនេះ បានស្នើទៅកាន់ ក្រុមការងារអន្តរក្រសួង ឱ្យជួយពន្លឿនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យបានត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២២ ខាងមុខ ទិសដៅដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ស្នើដូច្នេះ កិច្ចប្រជុំជាមួយក្រុមការងារពាក់ព័ន្ធដើម្បីដោះស្រាយផលប៉ះពាល់នានានៃគម្រោង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ។

ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ន ទាំងរដ្ឋបាលខេត្ត និងក្រុមការងារសាងសង់ កំពុងជួយគ្នាដោះស្រាយបញ្ហារាំងស្ទះ និងធ្វើយ៉ាងណាឱ្យការសាងសង់ទៅមុខដោយរលូន។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ ត្រូវបានសាងសង់បែងចែកជាកំណាត់ៗ។ កំណាត់បាត់ដំបង-សិរីសោភ័ណ្ឌសាងសង់រួចហើយ ខណៈឯកំណាត់ពីព្រែកក្តាម-ពោធិ៍សាត់ និងពោធិ៍សាត់-បាត់ដំបង កំពុងសាងសង់ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២២ និង២០២៣ ខាងមុខ។ (អានបន្ថែម)

បើគិតត្រឹមខែមិថុនា ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% និងកំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបងសម្រេច ៣៨,០៨%។

គម្រោងទាំងមូល មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកផ្លូវពី ២ ទៅ ៤គន្លង ទទឹង ២៣ ម៉ែត្រ និងផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល។ គម្រោងធ្វើឡើងក្រោមទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន៕

- Video Advertisement -