ផ្លូវជាតិលេខ៥ សេរីសោភ័ណ- ប៉ោយប៉ែត ចុះកុងត្រាសាងសង់ហើយ គ្រោងបើកការដ្ឋានខែមេសា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាផ្ដល់ការងារដល់ក្រុមហ៊ុនជប៉ុន ២ ក្នុងការសាងសង់កំណាត់ផ្លូវជាតិលេខ៥ កំណាត់សេរីសោភ័ណ- ប៉ោយប៉ែត ដែលជាកញ្ចប់ទី ៤ នៃគម្រោងផ្លូវជាតិលេខ ៥ ទាំងមូល។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុន និងភាគីជប៉ុនដែលជាម្ចាស់ជំនួយ នៅថ្ងៃទី២៤ ខែមីនា។

ក្រោយចុះហត្ថលេខា ការដ្ឋានគម្រោងនឹងបើកជាផ្លូវការនៅពេល ១ ខែក្រោយ ខណៈក្រុមហ៊ុនដែលទទួលបានការងារគឺ ក្រុមហ៊ុន Construction Corporation No.1 and ក្រុមហ៊ុន Civil Engineering Construction Corporation No.6 ។

កំណាត់ផ្លូវ សេរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ៣៥គីឡូម៉ែត្រ ចំណាយពេលពេល ៣២ខែ និងប្រើប្រាស់ថវិកាប្រមាណ ៥២លានដុល្លារ។

គម្រោងនេះ ជាផ្នែកមួយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ប៉ោយប៉ែត តម្លៃសរុបប្រមាណ៥០០លានដុល្លារ ដែលជាកម្ចីសម្បទានរបស់ប្រទេសជប៉ុន។

ក្រៅពីនេះ ក្រសួងនឹងបើកដេញថ្លៃគម្រោងសាងសង់ស្ថានីយថ្លឹងរថយន្ត ៦ កន្លែងទៀត ក្នុងពេលឆាប់ៗ ដើម្បីធ្វើឱ្យគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៥ ពេញលេញ។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពី ថ្ងៃទី ១០ មករា។ (អានបន្ថែម)

- Video Advertisement -