ផ្លូវថ្មី១ខ្សែ ភ្ជាប់ពីផ្លូវ២១៧ ទៅផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ បើកការដ្ឋានហើយ

គម្រោងពង្រីកផ្លូវបេតុងថ្មី១ខ្សែ ទទឹង១២ម៉ែត្រ និងប្រវែង ១.៣៧០ម៉ែត្រ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ កាលព្រឹកថ្ងៃទី ២៦ កក្កដា នេះក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា ការដ្ឋានពង្រីកផ្លូវបេតុងថ្មី១ខ្សែនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបើកការដ្ឋានពង្រីកផ្លូវនេះ គឺដោយសារផ្លូវចាស់មានស្ថានភាពតូចចង្អៀត ទទឹងត្រឹម ៥ ទៅ ៦ម៉ែត្រ ប៉ុណ្ណោះ ហើយម្យ៉ាងក៏ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋផងដែរ។

ក្រៅពីពង្រីកផ្លូវនេះហើយ សាលារាជធានីក៏នឹងរួមបញ្ចូលគម្រោងស្ថាបនាចិញ្ចើមផ្លូវ១ម៉ែត្រសងខាង និងដាក់លូផងដែរ។

- Video Advertisement -