ផ្លូវបេតុង ២ពាន់ម៉ែត្រ នៅអរិយក្សត្រត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុងអាមេប្រវែង ២ពាន់ម៉ែត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអញ្ជើញជាអធិបតីរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ផ្លូវបេតុងអាមេមួយខ្សែនេះមានប្រវែង ២០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់០.២ម៉ែត្រ នៅភូមិបារាជ និងភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ការ​កសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែល​ជួយ​​សម្រួល​ដល់​លំហូរដោយ​សេរី​គ្រប់​ផ្នែក​ទាំង​អស់​លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិត របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា៖ ផ្លូវបេតុងអាមេនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្រប តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកំណត់យក “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាផ្លូវមួយខ្សែនេះ ជាជំនួយឧបត្ថម្ភរបស់លោកឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយកក្រុមហ៊ុនបុរីវីឡាទួលសង្កែស៊ីធី និងលោកជំទាវ និងលោកឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុនបុរីចតុមុខស៊ីធី និងលោកជំទាវ។

 

 

- Video Advertisement -