ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់ប្រមាណ ៦៤% ហើយ

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានឱ្យដឹងទៀតថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះនៅតែបន្តដដែល មិនមានការប៉ះពាល់នោះទេ។

ប៉ុន្តែ គម្រោងនេះជាក់ស្ដែង គឺនឹងបញ្ចប់មុនផែនការទៅទៀត ពោលគឺប្ដូរពីខែមីនា ឆ្នាំ២០២៣ មកត្រឹមខែកញ្ញា ឆ្នាំ២០២២ វិញ ព្រមជាមួយនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីខែមិថុនា។ (អានបន្ថែម)

លើសពីនេះ ក្រសួងក៏កំពុងចរចាឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាបផងដែរ ពោលគឺចង់បានតម្លៃទាបជាង ១០សេន ក្នុង១គម។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

- Video Advertisement -