ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ផ្ដើមក្រាលកៅស៊ូជាផ្លូវការហើយ

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀតហើយ ដោយការក្រាលកៅស៊ូបេតុងបានចាប់ផ្ដើមជាផ្លូវការ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី ១០ ឧសភា នេះ។

ប្រភពដដែលបានឱ្យដឹងថា កៅស៊ូបេតុងនេះ ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែ មីនា កន្លងទៅ។

ទំព័រហ្វេសប៊ុកមិនបានបញ្ជាក់ពីវឌ្ឍនភាពគម្រោងទេ តែបើយោងតាមតួលេខចុងក្រោយបង្អស់ គម្រោងសម្រេចបានប្រមាណពី ៤០% ទៅ ៥០% ហើយ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់ ៤៨ខែ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងកាលពីថ្មីៗនេះ ថា ដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី។ (អានបន្ថែម)

- Video Advertisement -