ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឈានដល់ដំណាក់កាលក្រាលស្រទាប់កៅស៊ូចុងក្រោយបង្អស់
ក្រុមហ៊ុនចិន បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងត្រៀមឈានដល់ដំណាក់កាលក្រាលស្រទាប់កៅស៊ូជាន់លើគេបង្អស់ហើយ ឆាប់ៗនេះហើយ ដែលជាសញ្ញាបង្ហាញថាផ្លូវនេះជិតរួចរាល់ជាស្ថាពរជាក់ពិតហើយ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រៀម បានបញ្ជាក់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា៖ «ការក្រាលដល់ស្រទាប់ជាន់លើគេបង្អស់នេះ មានន័យថា ហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ ជិតសាងសង់រួច ចេញជារូបរាងហើយ»។
កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏បានលេចរូបរាងបណ្ដើរៗហើយដែរ ដែលជាស្ពានឆ្លងកាត់ទទឹងទឹកជ្រោះក្បាលឆាយ។ (អានបន្ថែម)
គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៦៤% ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

