ផ្លូវសំខាន់ៗចំនួន២ខ្សែ ក្នុងខេត្តស្វាយរៀងនឹងស្ថាបនារួចក្នុងឆ្នាំ២០២៣

ផ្លូវសំខាន់ៗចំនួន២ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈបច្ចុប្បន្នផ្លូវទាំងពីរខ្សែនេះ កំពុងដំណើរការសាងសង់ដោយរលូ។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវផ្ទាល់ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវសំខាន់ៗចំនួន២ ខ្សែ នៅខេត្តស្វាយរៀង រួមមាន៖

– ខ្សែទី១៖ ប្រវែង ៩,១៧០ គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចក ទៅដល់ភូមិពងទឹក ឃុំពងទឹក ស្រុករំដួល។ ជាលទ្ធផលសម្រេចបាន ៥៣% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមេសា ឆ្នាំ២០២៣ ខាងមុខ។

– ខ្សែទី២៖ ប្រវែង ២៤,៩៦០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគាវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ជាលទ្ធផលសម្រេចបាន ៦០% គ្រោងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀង ទទួលបានផ្លូវចំនួន ៤ខ្សែ ប្រវែងសរុប ៥៧,២០០គីឡូម៉ែត្រ ដែលជាគម្រោងស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ អនុវត្តនៅខេត្តគោលដៅទាំង១០ ដោយធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤គីឡូម៉ែត្រ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ ។

គម្រោងនេះ ចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០ លាន ដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនីហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

- Video Advertisement -