ផ្លូវសំខាន់២ខ្សែ ក្នុងក្រុងពោធិ៍សាត់នឹងសាងសង់នាថ្ងៃទី ១០ខែវិច្ឆិកា ខាងមុខនេះ
នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ផ្លូវអាទិភាពក្នុងក្រុងពោធិ៍សាត់ ចំនួន២ខ្សែ នឹងត្រូវបើកការដ្ឋានស្ថាបនាសាងសង់ជាផ្លូវការហើយ។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ដែលបានធ្វើឡើង កាលថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្លូវទាំង ២ ខ្សែនេះ រួមមាន ផ្លូវក្រាលកៅស៊ូ DBST លេខ២០៩+១០៩ និងផ្លូវបេតុងជុំវិញផ្សារថ្មីពោធិ៍សាត់ លេខ២០៥+២០៦+១០៣។
ឯកឧត្តមថា ការបើកការស្ថាបនាផ្លូវចំនួន២ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈការងារសាងសង់នឹងដំណើរការនាថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។
គួរជម្រាបដែរថា ផ្លូវចំនួន២ខ្សែនេះ គឺស្ថិតនៅក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៩,៩៣លានដុល្លារ និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងទាំងមូល រួមមាន អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង ទំនប់ការពារទឹកជំនន់ ទីលានចាក់សំរាម និងការធ្វើឱ្យប្រសើរឡើងផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់នេះ។
បច្ចុប្បន្ននេះទីលានទុកដាក់សំរាម សម្រេចបាននូវសមិទ្ធផលរួមបាន ៨៥%ហើយ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ នៅចុងខែកុម្ភៈ ឆ្នាំ២០២២។
ដោយឡែក ចំពោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូDBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការដ្ឋាន នៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះដែរ៕

