ផ្លូវ ៣៤ខ្សែ ចំណាយថវិកាជិត៣០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃសៅរ៍
ការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ស្ថិតនៅក្នុងក្រុងព្រះសីហនុ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍នេះ ដែលគ្រោងចំណាយថវិការប្រមាណជិត៣០០លានដុល្លារ ដែលពិធីសម្ពោធការដ្ឋានសាងសង់ផ្លូវច្រើនខ្សែនេះ នឹងត្រូវធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍កាលពីថ្ងៃព្រហស្បតិ៍ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវក្នុងក្រុងព្រះសីហនុ នឹងត្រូវចាក់បេតុង២តឹកកន្លះ ហើយចាក់កៅស៊ូពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូននៅក្នុងខេត្តដែលសំបូរទៅដោយកុងតឺន័រធំៗ សម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។
សម្តេចមានប្រសាសន៍ថា៖ “យើងត្រូវធ្វើផ្លូវដែលទ្រាំទ្រនូវទម្ងន់រថយន្តដែលផលិតស្រុកគេបាន”។ សម្តេចសង្កត់ធ្ងន់ថា ករណីខូចផ្លូវកន្លងមកនៅខេត្ ព្រះសីហនុ គឺដោយសារតែការអនុញ្ញាតឱ្យរថយន្តធុនធំ និងកុងតឺន័រចូលទៅតំបន់ផែទឹកជ្រៅក៏ដូចជាដឹកសម្ភារសំណង់ផ្សេងៗដើម្បីសាងសង់អគារចន្លោះពី៥ទៅប្រមាណ៦០ជាន់”។
រដ្ឋាភិបាលបានសម្រេចដាក់ចូលក្នុងចក្ខុវិស័យស្តីអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព គឺបានសម្រេចធ្វើផ្លូវឱ្យបានរឹងមាំជាងមុន។្សម្តេចតេជោ មានប្រសាសន៍ថា ពីមុនថវិកា១០០លានដុល្លារ ធ្វើបាន ២០០គីឡូម៉ែត្រ ប៉ុន្តែតែចក្ខុវិស័យថ្មីនេះ គឺយើងបានដូរទស្សនៈថ្មី គឺថវិកា១០០លានដុល្លារ ធ្វើផ្លូវត្រឹម ១០០គីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីធានានូវគុណភាពផ្លូវ ដែលរដ្ឋាភិបាលបានដាក់ចេញ៕

