ពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជានឹងប្រារព្ធឡើងនៅដើមខែធ្នូ ខាងមុខនេះ
ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែធ្នូ ឆ្នាំនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក ជីវ ស៊ីវផេង អគ្គលេខាធិកាដ្ឋានសមាគមអ្នកសាងសង់ បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ ស្តង់ពិព័រណ៍ជាង ៦០% ត្រូវបានលក់ទៅឱ្យអ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្មទាក់ទងនឹងសំណង់រាប់រយក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។
“នេះគឺជាការត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ធំមហិមាបន្ទាប់ពីត្រូវបានផ្អាកនៅឆ្នាំ 2020 និងប្រារព្ធឡើងតាមប្រព័ន្ធអនឡាញនៅឆ្នាំ 2021 ដោយសារតែជំងឺរាតត្បាតកូវីដ។ យើងរំពឹងខ្ពស់ថាព្រឹត្តិការណ៍នេះនឹងជួយដល់ការចាប់ផ្តើមការសាងសង់ និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ»។
លោក ស៊ីវផេង បានបន្ថែមថា ការវិលត្រឡប់ទៅកាន់ពិព័រណ៍ដោយផ្ទាល់នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំសម្រាប់វិស័យសំណង់ព្រោះវានឹងជួយឱ្យអាជីវកម្មទាំងអស់មានទំនាក់ទំនងយ៉ាងស្អិតរមួតឡើងវិញបន្ទាប់ពីបានផ្អាក និងប្រតិបត្តិការតែតាមអនឡាញអស់ពេលពីរឆ្នាំមកនេះ។
លោកថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិក និងម្ចាស់អាជីវកម្មបង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យសំណង់។
ពិព័រណ៍នេះនឹងដំណើរការរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 1-3 ខែធ្នូ ដោយមានស្តង់សរុបជាង 300 ដែលរៀបចំដោយក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលនឹងមកដាក់តាំងបង្ហាញផលិតផលរាប់ពាន់មុខដែលទាក់ទងនឹងវិស័យនេះ។
ក្រៅពីការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ នៅមានចំណុចលេចធ្លោមួយទៀតគឺ ពិព័រណ៍សំណង់ឆ្នាំ2022 នឹងមានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដែលផ្តល់ដោយមន្ត្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីច្បាប់ និងបទប្បញ្ញត្តិសំណង់ថ្មី។
ពិព័រណ៍នេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីបុគ្គលសំខាន់ៗពីអន្តរជាតិ ជាពិសេសក្រុមហ៊ុនចិន ដែលមានគម្រោងមកដាក់តាំងបង្ហាញបច្ចេកវិទ្យា និងផលិតផលចុងក្រោយរបស់ពួកគេនៅក្នុងពិព័រណ៍នេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ឬកក់ស្តង់ សូមទាក់ទងលោកស្រី ម៉ាណា តាមរយៈ +៨៥៥ ៦០ ៨៨៨ ៩៤៤ ឬអ៊ីមែល expo@construction-property.com

