ភាពជាប់គាំងនយោបាយ ប៉ះពាល់អារម្មណ៍វិនិយោគថៃមួយរយៈពេលខ្លី ខណៈអ្នករកស៊ីអចលនទ្រព្យ រំពឹងការផ្លាស់ប្តូរពីរដ្ឋាភិបាលថ្មី

ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ កំពុងស្ថិតត្រង់ផ្លូវបំបែកមួយ ព្រោះថ្វីត្បិតថាប្រទេសនេះកំពុងជួបវិបត្តិនយោបាយជាប់គាំងអស់មួយរយៈហើយក្តី ប៉ុន្តែខណៈនេះវិស័យអចលនទ្រព្យរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពនៃការរំពឹងទុកយ៉ាងយកចិត្តទុកដាក់ ដោយសារក្តីសង្ឃឹមលើនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី។ ជាមួយនឹងក្តីសង្ឃឹមនេះ អ្នករកស៊ីក្នុងវិស័យនេះ កំពុងប្រាថ្នាចង់បានវិធានការគោលនយោបាយថ្មីដើម្បីជំរុញទីផ្សារអចលនទ្រព្យ ជាពិសេសបន្ទាប់ពីការកាត់បន្ថយថ្លៃសេវារបស់រដ្ឋាភិបាល សម្រាប់ការចុះបញ្ជីកម្ចីទិញផ្ទះ និងការផ្ទេរកម្មសិទ្ធិ ហើយវិធានការនេះ នឹងផុតកំណត់នៅចុងឆ្នាំ ២០២៥។

ភាពមិនប្រាកដប្រជានេះ អ្នកវិភាគកំពុងយកចិត្តទុកដាក់លើផលប៉ះពាល់ដែលអាចកើតមាននៃភាពជាប់គាំងនយោបាយនៅលើទីផ្សារអចលនទ្រព្យ ខណៈដែលឆ្នាំនេះអាចមើលឃើញការចេញលក់ផ្ទះល្វែងចំនួន ៥០.០០០ល្វែង ហើយបើពិតជាដូច្នោះមែន លទ្ធផលពីការលក់នេះនឹងជួយពង្រីកតម្រូវការ និងជួយរក្សាទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងទីផ្សារប្រទេសថៃបន្តទៀត នេះបើយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហានេះ។

លោក Wittaya Dave Apirakviriya អ្នកគ្រប់គ្រងទូទៅនៃ ThinkOfLiving.com និង DDproperty ដែលជាអង្គភាពនៃ PropertyGuru proptech បានគូសបញ្ជាក់ពីគោលជំហរទីផ្សារអចលនទ្រព្យថៃនាពេលបច្ចុប្បន្ននេះថា “ទីផ្សារបច្ចុប្បន្នមានភាពយឺតយ៉ាវ ប៉ុន្តែមានស្ថិរភាពបើនិយាយពីស្ថានភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែអ្នកទិញក្នុងស្រុកឥឡូវនេះទទួលយកអាកប្បកិរិយាថ្មី ដោយចេះរង់ចាំ និងចេះបត់បែនតាមស្ថានភាព ជាជាងធ្វើការសម្រេចចិត្តភ្លាមៗ។ ឥរិយាបថថ្មីរបស់អ្នកទិញ គឺបណ្តាល​មក​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ខណៈ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មី។”

ស្ថានភាពនយោបាយថ្មី កំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ ខណៈលោក Pita Limjaroenrat កំពុងខិតខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី និងបញ្ហាប្រឈមនឹងរដ្ឋធម្មនុញ្ញ បាននាំឱ្យអ្នកទិញផ្ទះមានការប្រុងប្រយ័ត្នខ្ពស់។ លោក Peerapong Jaroon-ek ស្ថាបនិកដែលមានចក្ខុវិស័យ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Origin Property បញ្ជាក់ថា ក្រោយមានរដ្ឋាភិបាលថ្មី អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យចង់បានការបន្ធូរបន្ថយបទប្បញ្ញត្តិកម្មសិទ្ធិបន្ថែមទៀតរបស់បរទេស ជាពិសេសសម្រាប់ផ្ទះជាប់ដី ជាមួយនឹងការស្នើរសុំអត្រាផលមូលធន (Cap Rate) ឱ្យបានដល់ ២០% សម្រាប់តំបន់នៅខាងក្រៅទីក្រុងបាងកក ឬសម្រាប់វីឡានៅតាមមាត់សមុទ្រ ដើម្បីផ្គត់ផ្គង់ដល់អ្នកទិញអន្តរជាតិ។

ទោះស្ថានភាពនយោបាយមិនមានភាពប្រាកដប្រជាយ៉ាងណាក៏ដោយ ទីផ្សារអចលនទ្រព្យថៃនៅតែបង្ហាញឱ្យឃើញពីភាពធន់របស់ខ្លួនបាន ដោយសារតែអ្នកអភិវឌ្ឍថៃមានផែនការបើកដំណើរការផ្ទះល្វែងប្រហែល ៥០០០០ និង ៣៥ ០០០ យូនីតនៅឆ្នាំនេះ រួមជាមួយនឹងផ្ទះប្រណីត និងផ្ទះប្រណីតបំផុតប្រមាណ ១២០០យូនីត។

លោក Artitaya Kasemlawan ដែលជាប្រធានផ្នែកលក់លំនៅឋាននៃគម្រោងលក់លំនៅឋាននៅក្រុមហ៊ុន CBRE Thailand បានបន្ទរពីការលើកឡើងនេះ ដោយព្យាករថា “ខណៈពេលដែលភាពមិនប្រាកដប្រជាផ្នែកនយោបាយអាចផ្តល់ផលប៉ះពាល់រយៈពេលខ្លីលើចំណាប់អារម្មណ៍ក្នុងទីផ្សារដូចម្តេចក្តី​ ក៏មូលដ្ឋានគ្រឹះទីផ្សារអចលនទ្រព្យនៅតែរឹងមាំ។”

អចលនទ្រព្យប្រទេសថៃ បានរួមចំណែកប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២២ វិស័យអចលនទ្រព្យរបស់ប្រទេសនេះនៅតែរក្សាតួនាទីដ៏សំខាន់នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន។ ខណៈពេលដែលផ្លូវបំបែកនយោបាយបច្ចុប្បន្ន បានធ្វើឱ្យមានស្រមោលអព្យាក្រឹត អ្នកដឹកនាំ និងវិនិយោគិនធំៗក្នុងវិស័យនេះ និងអ្នកវិភាគមានជំនឿខ្ពស់ថា អន្តរកាលនយោបាយនេះ ជះឥទ្ធិពលលើទីផ្សារ និងប៉ះពាល់អារម្មណ៍វិនិយោគតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ គ្រឹះដ៏យូរអង្វែងនៃអចលនទ្រព្យរបស់ប្រទេសថៃនឹងមានភាពធន់លើសពីអន្តរកាលនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]