មជ្ឈមណ្ឌលទិន្នន័យ (Data Center) តម្លៃ ១លានដុល្លារដាក់សម្ពោធប្រើប្រាស់ជាផ្លូវការហើយ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលទិន្នន័យ (Data Center) ដែលមានតម្លៃប្រមាណ ១លានដុល្លារអាមេរិក។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២២។
មជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានរៀបចំជាពីរផ្នែក គឺទី១ ជាផ្នែកបរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ ធានាបាននូវសុពលភាព និងសុវត្ថិភាពឧបករណ៍ និងទី២ ជាផ្នែកឧបករណ៍ព័ត៌មានវិទ្យា ដែលមានតួនាទីត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ និងការរក្សាទុកទិន្នន័យ។
មួយវិញទៀត មជ្ឈមណ្ឌលទិន្នន័យនេះ មានសមត្ថភាពរក្សារផ្ទុកទិន្ន័យសំខាន់ៗរបស់ក្រសួងបានពី១០ ទៅ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអាចបន្តរហូតដល់ ៣ឆ្នាំខាងមុខទៀត។
ក្នុងឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានមានប្រសាសន៍ថា «ក្នុងយុគសម័យនៃការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរក សម្រាប់តម្រូវការសិក្សា ស្រាវជ្រាវ រៀនសូត្រ ហើយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថិភាពទិន្នន័យរបស់យើងបានជាសម្ងាត់ និងយូរអង្វែងផងដែរ។»

