មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការហើយ
មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលបម្រើការងារក្នុងវិស័យឧស្សាហកម្ម ៤.០ ត្រូវបានដាក់ឱ្យដំណើរការហើយ។
ពិធីបើកដាក់ដំណើរការមជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
គម្រោងមជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីផ្តើមបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORI កាលពីថ្ងៃទី២៣ ខែឧសភា បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជានៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្មនាយុគ្គសម័យឌីជីថល។
បន្ថែមពីនេះ ក្រុមហ៊ុន DMG MORI នឹងនៅបន្តហ្វឹកហាត់ ដល់កម្ពុជាក្នុងការប្រើប្រាស់ ម៉ាស៊ីន និងបង្រៀនដល់និស្សិតកម្ពុជា និងស្នើសុំការគាំទ្រពីសម្តេចតេជោលើគម្រោងខាងលើ។
ដោយឡែក ក្នុងការជំរុញផ្នែកឌីជីថល កម្ពុជាមានគោលដៅសំខាន់ចំនួន២ សម្រាប់វិស័យឧស្សាហកម្ម គឺទី១). ជំរុញការវិនិយោគលើវិស័យឧស្សាហកម្មបម្រើឲ្យការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់សម្រាប់ការនាំចេញ និងទី២). ទាក់ទាញបច្ចេកវិទ្យាថ្មីៗ មកផលិតនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងជាមួយនឹងការរំពឹងទុកដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ការផលិតឌីជីថលកម្រិតខ្ពស់នៅក្នុងតំបន់ដោយផ្អែកលើ R&D ជាមួយនឹងម៉ាស៊ីន CNC ទំនើបចុងក្រោយបំផុត និងអាចកាត់បន្ថយកាកសំណល់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃផលិតផល ដែលមានម៉ាស៊ីនទំនើបៗចំនួន៣គ្រឿង មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕
- Video Advertisement -