រដ្ឋចំណាយថវិកាប្រមាណ ៦០លានដុល្លារ ដោះស្រាយផលប៉ះពាល់គម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣
គិតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៦០លានដុល្លារ ហើយដើម្បីដោះស្រាយប៉ះពាល់គម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣ ខណៈការសាងសង់នឹងបញ្ចប់យឺតជាងផែនការ ១ ឆ្នាំ ដោយសារតែបញ្ហាដោះស្រាយផលប៉ះពាល់នេះ។
ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលបានទម្លាក់ថវិកា ៣២ដង រួចមកហើយ ម្ដងប្រមាណ ២លានដុល្លារ សម្រាប់យកទៅដោះស្រាយផលប៉ះពាល់នានានៃគម្រោងកសាងផ្លូវក្រវាត់ក្រុងទី៣។
គម្រោងកសាងផ្លូវក្រវ៉ាត់ក្រុងទី ៣ គ្រោងចំណាយថវិកាសាងសង់ ២៧៣ លានដុល្លារ ដែលជាហិរញ្ញប្បទានពីប្រទេសចិន ចំណែកថវិកាដោះស្រាយសំណងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ការងារដោះមីន និងសម្រួលពន្ធនាំចូលសម្ភារៈសាងសង់ជាបន្ទុករបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុនសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ ១ ឆ្នាំ ដោយសារបញ្ហាដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។
តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំ នេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។ (អានបន្ថែម)

