រដ្ឋច្រានចោលរបាយការណ៍ដែលថាទំនប់វារីអគ្គិសនីសេសានប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្នុងតំបន់

រដ្ឋាភិបាលកម្ពុជា បានច្រានចោលរបាយការណ៍របស់អង្គការសិទ្ធមនុស្ស Human Rights Watch ដែលថាទំនប់វារីអគ្គិសនីសេសាន២ ប៉ះពាល់ខ្លាំងដល់ជីវភាពពលរដ្ឋក្នុងតំបន់ ដោយបញ្ជាក់ថាវារីអគ្គិសនីនេះ ផ្ទុយទៅវិញបានផ្តល់ការរីកចម្រើន ស្ដារជីវភាពពលរដ្ឋ បង្កើតការងារ និងពិសេសផ្ដល់ថាមពលអគ្គិសនីក្នុងតំបន់។

ការច្រានចោលនេះគឺធ្វើឡើងបន្ទាប់ពី Human Rights Watch បានចេញរបាយការណ៍កម្រាស់ ១៣៧ទំព័រ កាលពីថ្ងៃទី១០ ខែសីហា ដោយប្រកាសថាទំនប់វារីអគ្គិសនីបង្កផលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ជីវភាព បរិស្ថាន ទិន្នផលត្រី និងការបន្លាស់ទីរបស់ពលរដ្ឋក្នុងតំបន់។

របាយការណ៍នេះបានសង្កត់ធ្ងន់ទៅលើការគៀបសង្កត់ បង្ខិតបង្ខំប្រជាជនក្នុងតំបន់ ដោយថាជនជាតិដើមភាគតិចជាង ៥ ០០០នាក់ ត្រូវបានបញ្ជាឱ្យប្តូរទីលំនៅដោយអយុត្តិធម៌។ លើសពីនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ទៀត ក៏ប៉ះពាល់ដោយសារការផ្លាស់ប្ដូររំហូរទឹកទន្លេ ដែលកន្លែងខ្លះជន់ខ្លាំង និងកន្លែងខ្លះទៀតរាំងស្ងួត។

ជាការឆ្លើយតប ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា របាយការណ៍នេះមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខ្មែរថាមស៍ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា។

ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា៖ «ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសាន២ ផ្តល់ចំណូលដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីដូរទីលំនៅចេញ ប្រជាពលរដ្ឋទទួលបានផ្ទះថ្មី និងដីចម្ការ ប្រសើរជាងនៅទីតាំងចាស់»។

ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់បន្ថែមថា អគ្គិសនីគឺជាអ្វីដែលកម្ពុជាត្រូវការដើម្បីបម្រើដល់សេដ្ឋកិច្ច ហើយកម្ពុជា ផលិតអគ្គិសនីដើម្បីសហគមន៍ និងជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

បើកដំណើរការកាលពីឆ្នាំ២០១៨ ទំបន់វារីអគ្គិសនីសេសានក្រោម២ មានទំហំវិនិយោគប្រមាណ ៧៨០លានដុល្លារ វិនិយោគដោយក្រុមហ៊ុនអគ្គិសនីចិន China Huaneng Group ជាមួយក្រុមហ៊ុនក្នុងស្រុក Royal Group និងក្រុមហ៊ុនអគ្គិសនីប្រទេសវៀតណាម EVN។

រូបភាពដោយ៖ lokbongrattanak

- Video Advertisement -