រដ្ឋបញ្ចេញថវិកាជាតិកែផ្លូវក្រួសក្រហមតាមដងទន្លេមេគង្គទាំងអស់ទៅជាបេតុងនៅខេត្តស្ទឹងត្រែង

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងសាងសង់កែប្រែផ្លូវក្រួសក្រហមមួយខែ្ស ១៦គីឡូម៉ែត្រ ទៅជាផ្លូវបេតុងវិញ តាមបណ្តោយមាត់ទន្លេមេគង្គ ចាប់ពីចំណុចភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង ទៅដល់ភូមិដំរីផុង ឃុំកោះសំពាយ  ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

ផ្លូវបេតុងថ្មីនេះ មានទទឹង៥ម៉ែត្រ បណ្តោយ១៦គីឡូម៉ែត្រ ដោយសាងសង់ដាក់បន្ថែមលូចំនួន ៣២កន្លែង លូប្រអប់ ០៧កន្លែង និងស្ពានចំនួន០៩ កន្លែង ដោយគ្រោងនឹងបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ២០២២ នេះ។

លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាបណ្តាញតភ្ជាប់គ្នា រវាងទឹកដីក្រុងស្ទឹងត្រែង ទៅទីរួមស្រុកសៀមបូក ហើយប្រជាពលរដ្ឋរស់នៅជួរមាត់ ទន្លេមេគង្គ នឹងមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ព្រោះបានសាងសង់ខ្ពស់ផុតពីទឹក មិនឱ្យទឹកលិចនៅខែវស្សាទៀតទេ។

គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវថ្មីនេះ អនុវត្តដោយប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាដំណាក់កាលសាងសង់ទី១​ និងបន្តសាងសង់តភ្ជាប់ទៅឃុំស្រែក្រសាំង និងឃុំអូរម្រះ ក្នុងស្រុកសៀមបូក បន្ថែមទៀតក្នុងចម្ងាយផ្លូវប្រវែងជាង១០ គីឡូម៉ែត្រ នៅឆ្នាំ២០២៣ខាងមុខ។

- Video Advertisement -