រដ្ឋបាលខេត្តកែប បើកឱ្យឯកជនកសាងសង់ផែទេសចរណ៍មួយកន្លែងទៀត តភ្ជាប់នឹងគម្រោងឆ្នេរថ្មី
រដ្ឋបាលខេត្តកែប សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់ផែទេសចរណ៍ថ្មីមួយកន្លែង ឬស្គាល់ទូទៅថាជាផែសេះស ដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរ និងប្រជានេសាទ។
គម្រោងនេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣ ខែសីហា ក្រោមវត្តមានរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។
មុននឹងឈានដល់ដំណាក់ការចុះហត្ថលេខាសាងសង់នេះ គម្រោងត្រូវបានសិក្សាពីផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមកហើយ។
ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍ថា៖ «គម្រោងផែសេះស នឹងជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប និងជាទីតាំងតភ្ជាប់គម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ផងដែរ»។
«គម្រោងនេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងសេវាកម្មទេសចរណ៍។ ដូច្នេះ វាក៏ជាផ្នែកមួយនៃការកាត់បន្ថយភាពក្រីក្រផងដែរ»។
គួរបញ្ជាក់ថា ការសាងសង់ផែនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ ដោយប្រើរយៈពេលសាងសង់ប្រមាណ ២ឆ្នាំ។
ផែសេះសនេះ គឺខុសពីផែកោះទន្សាយដែលមកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧៥% ហើយ។ (អានបន្ថែម)

