រដ្ឋបាលខេត្តកំពតគ្រោងបំពាក់អំពូលឆ្លាតវៃ LED ក្នុងគម្រោងទីក្រុងវៃឆ្លាតកំពត
រដ្ឋបាលខេត្តកំពតមានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃ នាពេលអនាគត ក្នុងខេត្តកំពត។
គម្រោងបំពាក់អំពូលវៃឆ្លាត LED ផលិតផលប្រទេសជប៉ុន ដែលផលិតក្នុងស្រុកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ រវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) នៅរដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ កន្លងទៅ។
យោងតាមរដ្ឋបាលខេត្តកំពត ឯកឧត្តម ជាវ តាយ លើកឡើងថា អំពូលភ្លើង ផលិតក្នុងស្រុកដោយក្រុមហ៊ុនវិនិយោគជប៉ុន គឺជាប្រព័ន្ធអំពូលប្រើបចេ្ចកវិជ្ជាទំនើប ប្រើថាមពលសន្សំសំចៃ និងប្រព័ន្ធអំពូល មានមុខងារសំខាន់ៗ គឺឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍ខេត្ត។
ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ “រដ្ឋបាលខេត្ត នឹងធ្វើការទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុន ជាបន្តទៀតនៅពេលក្រោយ ដើម្បីអភិវឌ្ឍន៍ខេត្តកំពតឲ្យទៅជាទីក្រុងវៃឆ្លាតនាពេលអនាគត”។
លោក ភូ លិ អភិបាលរងខេត្តកំពត ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១ នេះថា ទាំងការសម្រេចជ្រើសរើសអំពូលនេះតែម្តង ទាំងកាលបរិច្ឆេទនៃការបំពាក់អំពូលវៃឆ្លាតនេះ នៅមិនទាន់មានការសម្រេចចិត្តនៅឡើយទេ ។
លោក ភូ លិ មានប្រសាសន៍ថា៖ “យើងចាប់ផ្តើមគម្រោងនេះ ដោយសារឃើញនៅតាមទីក្រុងវៃឆ្លាតនៅបណ្តាប្រទេសដទៃ អភិវឌ្ឍន៍ដោយបំពាក់អំពូលភ្លើងមានបច្ចេកវិទ្យាខ្ពស់ ទើបរដ្ឋបាលខេត្តចាប់ផ្តើមទៅលើគម្រោងបំពាក់អំពូលភ្លើង LED នេះ ដើម្បីអភិវឌ្ឍន៍ទីក្រុងកំពត ទៅជាទីក្រុងវៃឆ្លាត ស័ក្តសមជាទីក្រុង Charming City”។
រដ្ឋបាលខេត្តគ្រោងបំពាក់អំពូលភ្លើងវៃឆ្លាតនេះ នៅតាមទីប្រជុំជន ដើម្បីបម្រើដល់សាធារណជន ទូទៅ ហើយការបំពាក់នេះ នឹងធ្វើឡើងជាដំណាក់កាលៗ។
គួរកត់សម្គាល់ថា ផែនការប្រើប្រាស់អំពូលឆ្លាតវៃ LED សម្រាប់គម្រោងអភិវឌ្ឍន៍ខេត្តកំពតនេះ ត្រូវបានបង្ហាញ បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែន ដែលទើបតែប្រកាសពីមហិច្ឆតារបស់ខ្លួន ក្នុងការលម្អ ដងវិថីក្នុងប្រទេសទាំងអស់ ដោយប្រើអំពូល LED កាលពីពេលចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ផ្លូវ ៣៤ ក្នុងក្រុងព្រះសីហនុ ថ្មីៗនេះ៕

