រដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចក្រាលកៅស៊ូប្រភេទ DBST លើកំណាត់ផ្លូវលំសំខាន់មួយខ្សែ

អាជ្ញាធរខេត្តត្បូងឃ្មុំ លើកឡើងថា បើទោះជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ក្តី ក៏ខេត្តនៅតែបន្តសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ ពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាក់ស្តែងផ្លូវលំដ៏សំខាន់មួយខ្សែនេះនៅសង្កាត់វិហារលួង ក្រុងសួង ត្រូវបានប្រកាសស្ថាបនាជួសជុលឡើងវិញតាំងពីដើមខែមិថុនាមកម្ល៉េះ ។ នេះបើតាមការឲ្យដឹងពី រដ្ឋបាលខេត្តត្បូងឃ្មុំ កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាប្រភេទផ្លូវកៅស៊ូ DBST មានប្រវែង ៣១០០ ម៉ែត្រ ដែលតភ្ជាប់ពី ផ្លូវជាតិលេខ៧ ចូលមកកាន់ភូមិថ្នល់ថ្មី សង្កាត់វិហាហ្លួង ក្រុងសួង និងភូមិគៀនល្មៀត ភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ហើយត្រូវបានសាងសង់ឡើងដោយប្រើថវិការបស់រដ្ឋ។

ឯកឧត្តមបន្ត ផ្លូវមួយនេះបានបម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន៦ភូមិ ដែលរស់នៅអមសងខាងផ្លូវ។

ហេតុនេះ ឯកឧត្តមបន្ថែម ដើម្បីជាប្រយោជន៍ពលរដ្ឋ យើងត្រូវតែដំណើរការជួសជុលឡើងវិញឲ្យស្របតាមបទដ្ឋានបច្ចេកទេសគុណភាពផ្លូវ ដូច្នេះហើយខេត្តក៏បានសម្រេចជួសជុលដោយអ៊ុតផ្លូវកៅស៊ូប្រភេទDBST តែម្តង។

ឯកឧត្តមអភិបាល ក៏បានទទូចឱ្យពន្លឿនដំណើរការជួសជុល និងស្ថាបនាផ្លូវនេះ ដើម្បីឲ្យសម្រេចបានលឿនតាមការគ្រោងទុក និងប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេស ធានាដល់ការប្រើប្រាស់បានយូរ ។

- Video Advertisement -