រដ្ឋបាលខេត្តសៀមរាប កំពុងសិក្សាគម្រោងប្រែមុខមាត់ទីក្រុងសៀមរាបទៅជាទីក្រុងទំនើបវៃឆ្លាត

គម្រោងប្រែក្លាយអតីតរាជធានីបុរាណសៀមរាប ទៅជាទីក្រុងទំនើបវៃឆ្លាត ដែលគេនិយមហៅថា ស្មាថស៊ីធី ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប ជាមួយភាគីជប៉ុន កាលពីថ្ងៃទី០២ ខ មីនា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាព ក្នុងការចាប់ផ្តើមសិក្សាលើការអនុវត្តគម្រោងទីក្រុងវៃឆ្លាតសៀមរាប ( Siem Reap Smart City) ដែលមានគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើបវៃឆ្លាត ដែលនឹងមានកម្រិតស្តង់ដារស៊ីវិល័យ ដូចទីក្រុងទំនើបវៃឆ្លាតនានា ទាំងនៅលំដាប់តំបន់ និងសាកលលោកផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលសាលនៃគណៈអភិបាលខេត្ត ជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដឹកនាំដោយលោកស្រី ត្សឹបូអ៊ីកេ អាស៊ឹកា ( Tsuboike Asuka ) នាយកក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសន្តិភាព JICA អមដំណើរដោយ សមាជិកប្រតិភូ និងតំណាងក្រុមហ៊ុនមកពីប្រទេសជប៉ុនសរុប ១៤ រូប។

ផែនការសកម្មភាពអនុត្តគម្រោងជាក់លាក់ នៅមិនទាន់កំណត់ឱ្យដឹងនៅឡើយទេ។ ទោះជាយ៉ាងណាក្តី ទំព័រហ្វែសបុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រុមការងារទាំងពីរនឹងបន្តជួបគ្នា ដើម្បីសិក្សាលើគម្រោងនេះ ឲ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីឲ្យគម្រោងអភិវឌ្ឍឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ទីក្រុង និងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងលំហូរទេសចរណ៍ខេត្តសៀមរាប។ ដូច្នេះ គម្រោងទីក្រុងថ្មីនេះ នឹងសម្រេចបានការអនុវត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព។

គួររម្លឹកឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជាទើបនឹងបានសម្រេចយល់ព្រមយករាជធានី និងទីក្រុងចំនួន ០៣ ដើម្បីដាក់បញ្ចូលជាទីក្រុងក្នុងបណ្តាញទីក្រុងទំនើបវៃឆ្លាតអាស៊ាន កាលពីឆ្នាំទៅ។ ទីក្រុងកម្ពុជាចំនួន ០៣ នោះគឺរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលនឹងត្រូវទទួលជំនួយពីរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានានា ដើម្បីសម្រេចសមិទ្ធផលទំនើបកម្មទីក្រុងនេះ ឱ្យខាងតែបាន៕

- Video Advertisement -