រដ្ឋាភិបាលថៃបានអនុម័តលើការពង្រីកអាកាសយានដ្ឋានផាតាយ៉ាតម្លៃ ៩ ពាន់លានដុល្លារ
រដ្ឋាភិបាលថៃផ្តល់ភ្លើងខៀវ ដល់ក្រុមហ៊ុនពាណិជ្ជកម្មរួមមួយ ដឹកនាំដោយក្រុមហ៊ុនរថភ្លើងអាកាសបាងកក និងក្រុមការងារប្រតិបត្តិការរថភ្លើងក្រោមដី BTS skytrain ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ U-Tapao នៅក្បែរក្រុងផាតាយ៉ា។
ក្រុមហ៊ុនពាណិជ្ជកម្មរួមនេះ ជាការសហការរវាងក្រុមហ៊ុន Bangkok Airways និងក្រុមហ៊ុន Sino-Thai Engineering & Construction ដែលគ្រោងនឹងសាងសង់ស្ថានីយចំណតទី ៣ និងមជ្ឈមណ្ឌលផ្ទុកទំនិញ និងយន្ដហោះ ព្រមទាំងជួយភ្ជាប់ផ្លូវដែកប្រវែង ២២០ គីឡូម៉ែត្រ តម្លៃ ៧,២ ពាន់លានដុល្លារ សម្រាប់តភ្ជាប់អាកាសយានដ្ឋាន U-Tapao និង Don Muang ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងបាងកក។
អាកាសយានដ្ឋានដែលគ្រោងនឹងពង្រីកនេះ នឹងត្រូវកាន់កាប់ដោយសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិណារីតារបស់ប្រទេសជប៉ុន និងក្លាយជាផ្នែកសំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតនៃប្រទេសផងដែរ។
បន្ទាប់ពីពង្រីករួច អាកាសយានដ្ឋាន U-Tapao ត្រូវបានគេរំពឹងថាអាចផ្ទុកដឹកអ្នកដំណើរបានដល់ ៦០ លាននាក់ ក្លាយជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ទីមួយក្នុងពិភពលោក។ គម្រោងពង្រីកអាកាសយានដ្ឋាននេះ ក៏ជាប់ទាក់ទងនឹងការពិភាក្សា នៃក្រុមហ៊ុន Bangkok Airways ក្នុងការពង្រីកព្រលានយន្តហោះចាស់ និងមិនប្រើប្រាស់នៅខេត្តកោះកុងក្នុងប្រទេសកម្ពុជាដែរ។

