រដ្ឋាភិបាលយកចំណូលពីវិស័យប្រេងកាតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា ចំណូលទាំងអស់ បានពីវិស័យប្រេងកាត នឹងត្រូវយកទៅប្រើប្រាស់លើការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ អាកាសយានដ្ឋានជាដើម។
ការប្រកាសពីចក្ខុវិស័យប្រើប្រាស់ចំណូលបានពីវិស័យប្រេងកាតនេះ ធ្វើឡើង ស្របពេលដែលដំណក់ប្រេងលើកដំបូង គ្រោងជីកយកចេញពីដែនសមុទ្រកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រនិស្សិតនៃសកលវិទ្យាល័យ ប៊ែលធី នៅសាលសន្និសីទកោះពេជ្រ កាលព្រឹកថ្ងៃពុធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា៖ «ថវិកាដែលបានមកពីធនធានធម្មជាតិនៅពេលខាងមុខ ជាពិសេសប្រេង យើងមិនយកមកប្រើប្រាស់ក្នុងគណនីចរន្តទេ ក្នុងចំណាយចរន្ត ដូចចំណាយរាល់ថ្ងៃទេ។
គោលដៅនៃការចំណាយនៃថវិកាដែលបានមកពីធនធានធម្មជាតិគឺប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ»។
លោកនាយករដ្ឋមន្រ្តីពន្យល់ថា៖ «យើងពិតជាមានសុទិដ្ឋិនិយមលើបញ្ហានេះ ដោយសារអី? ឥឡូវយើងមិនទាន់ប្រើធនធានធម្មជាតិផង មិនទាន់ប្រើប្រេងមួយដំណក់ផង ប៉ុន្តែយើងអាចរស់បានទៅហើយ។ ចឹងនៅពេលដែលប្រាក់ចំណូលពីធនធានធម្មជាតិ ពិសេសពីវិស័យប្រេងបានមកដល់ ត្រូវប្រមូលផ្តុំខិតខំវិនិយោគទៅលើហេដ្ឋរចនាសម្ព័ន្ធ»។
តាមការបញ្ជាក់របស់ សម្តេចតេជោរ ហ៊ុន សែន វិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ស្ពាន កំពង់ផែ អាកាសយានដ្ឋាន សាលារៀន មន្ទីរពេទ្យ។
គួរបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មកពីប្រទេសសឹង្ហបុរី ជាអ្នកទទួលសិទ្ធិវិនិយោគប្លុកប្រេងកាត់ តំបន់ A ស្ថិតក្នុងដែនសមុទ្រកម្ពុជា។ យោងតាមក្រសួងរ៉ែ និងថាមពល ការជីកយកដំណក់ប្រេងដំបូង របស់កម្ពុជា គ្រោងធ្វើឡើងនៅចុងឆ្នាំ២០១៩នេះ ឬនៅដើមឆ្នាំក្រោយ៕

