រដ្ឋ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍ ចុះហត្ថលេខាលើលក្ខន្តិកៈ ដំណើរការ “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” 

រាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើឯកសារ “លក្ខន្តិកៈក្រុមហ៊ុន” ដើម្បីដំណើរការក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ។

លក្ខន្តិកៈក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា មានសមាសភាពក្រុមប្រឹក្សាភិបាល ៧រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦ រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្នុងនោះ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង។

ការបង្កើតក្រុមហ៊ុន ‘ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា’ ជាការវិនិយោគទុនរួម រវាងក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោក ជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។

ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្តល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមានកម្មវិធីច្រើនប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅលើកស្ទួយការផ្តល់ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និងទស្សនីភាព ដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងចូលរួមស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាលទូរទស្សន៍ឌីជីថលកម្ពុជាអាណាឡូក និងប្រព័ន្ធឌីជីថល ស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ។

 

- Video Advertisement -