រថភ្លើងលឿនបំផុតលើពិភពលោកតម្លៃ ៨៤ពាន់លានដុល្លារ ពន្យារការសាងសង់ដោយសារបញ្ហាបរិស្ថាន
គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ឬហៅ Magnetic Levitation តម្លៃ ៨៤ពាន់លានដុល្លារ តភ្ជាប់ពីតូក្យូទៅអូសាកានៃប្រទេសជប៉ុន ត្រូវបានអភិបាលខេត្ត Shizuoka ឲ្យពន្យារការដ្ឋាន ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន។ នេះបើយោងតាមសារព័ត៌មាន Global Construction Review។
នៅក្នុងកិច្ចប្រជុំផ្សាយផ្ទាល់មួយ លោក Heita Kawakatsu អភិបាលតំបន់ Shizuoka បានបដិសេធមិនអនុញ្ញាតឱ្យសាងសង់ផ្លូវរូងក្រោមដីប្រវែង ៩ គីឡូម៉ែត្រ នៅក្រោមជួរភ្នំភាគខាងត្បូងរបស់ប្រទេសជប៉ុនឡើយ ដោយសារតែរថភ្លើងល្បឿនលឿននេះ អាចធ្វើឲ្យរីងទឹកក្រោមដី ដែលត្រូវហូរចូលក្នុងទន្លេ Oi ដែលជាប្រភពទឹករបស់ប្រជាជនក្នុងតំបន់។
ទាក់ទិននឹងបញ្ហានេះ កាលពីខែមេសាកន្លងទៅនេះ ក្រសួងដឹកជញ្ជូនរបស់ជប៉ុន ក៏បានបង្កើតក្រុមជំនាញមួយដើម្បីផ្តល់យោបល់លើបញ្ហាតំបន់នេះដែរ។
ជាការឆ្លើយតប ក្រុមហ៊ុនផ្លូវដែក Jr Central នឹងដោះស្រាយបញ្ហានេះឲ្យបានឆាប់ ដើម្បីកុំឲ្យការពន្យានេះជះឥទ្ធិពលដល់ការសាងសង់គម្រោងដំណាក់កាលទីមួយពីតូក្យូ ទៅណាហ្គូយ៉ា ដែលចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៤ ហើយគ្រោងបើកដំណើរការក្នុងឆ្នាំ ២០២៧។
គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឲ្យខ្សែររថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឲ្យរថភ្លើងនេះមានល្បឿនដល់ទៅ ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ឬនិយាយឲ្យងាយយល់ រថភ្លើងនេះគឺហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់លើផ្លូវនោះទេ។
គួរបញ្ជាក់ផងដែរថា រថភ្លើងនេះមាន ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង អាចដឹកអ្នកដំណើរពីតូក្យូ ទៅអូសាកា ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ។

