រយៈពេល ១០ខែ អង្គភាព CMAC សម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង៤ម៉ឺនគ្រាប់ លើផ្ទៃដីជាង១ម៉ឺនហិកតា

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរាយការណ៍អំពីសមិទ្ធផលដ៏ធំធេងក្នុងការបោសសម្អាតដីធ្លីសម្រាប់ឆ្នាំ ២០២៥។ ក្នុងរយៈពេលដប់ខែ គិតចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការរបស់ CMAC បានបោសសម្អាតផ្ទៃដីដែលរងការបំពុលដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) បានសរុប ១៤.៣៩៧ ហិកតា។ ក្នុងរយៈពេលនេះ ក្រុមការងារបានរកឃើញ និងកម្ទេចមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ដោយសុវត្ថិភាព សរុបចំនួន ៤៣.៩១៦ គ្រាប់។ តួលេខទាំងនេះត្រូវបានលម្អិតនៅក្នុងរបាយការណ៍អង្គភាព CMAC ចេញផ្សាយនៅថ្ងៃទី ១៥ ខែវិច្ឆិកា ដោយបានបញ្ជាក់ថា សកម្មភាពបោសសម្អាតបានអនុវត្តលើសពីគោលដៅដែលបានកំណត់។

CMAC ក៏បានរក្សា និងជំរុញកម្មវិធីអប់រំ និងសុវត្ថិភាពសាធារណៈផងដែរ ដោយដាក់ចេញនូវវគ្គបណ្តុះបណ្តាលដើម្បីជាការយល់ដឹងអំពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២១.៧៨៨ វគ្គ។ ការផ្សព្វផ្សាយនេះបានអប់រំដល់ប្រជាជនប្រមាណ ២.២២០.៩៥០ នាក់ នៅក្នុងគ្រួសារជាង ១.០៥២.៤៣៨ គ្រួសារ នៅទូទាំងប្រទេស។

យុទ្ធនាការជាគោលដៅសំខាន់មួយត្រូវបានដាក់ចេញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលអង្គភាព CMAC បានរៀបចំវគ្គអប់រំជាង ២៣០ វគ្គ ពិសេសសម្រាប់ជនភៀសខ្លួន អំពីគ្រោះថ្នាក់នៃសំណល់សង្គ្រាម ដោយមានអ្នកចូលរួមជិត ៤០០.០០០ នាក់។

ចំពោះការងារស្រាវជ្រាវ និងបិទស្លាកសញ្ញា ក្រុមការងារ CMAC បានបញ្ចប់ការស្រាវជ្រាវនៅក្នុងភូមិគោលដៅដែលរងផលប៉ះពាល់ចំនួន ៦៦ ក្នុងចំណោម ៧៧ ភូមិ ហើយការងារបន្តនៅក្នុងភូមិជួរមុខចំនួន ១១ ផ្សេងទៀតដែលបានស្រាវជ្រាវដោយផ្នែករួចហើយ។ ក្រុមការងារបានកត់ត្រាករណីយុទ្ធភណ្ឌ ឬទីតាំងភស្តុតាងសរុប ៣.៥៨៦ កន្លែង និងបានគូសផែនទីការបំពុលដោយយុទ្ធភណ្ឌលើផ្ទៃដីសរុប ១.០៩៣ គីឡូម៉ែត្រក្រឡា ដែលជាព័ត៌មានសំខាន់សម្រាប់ការរៀបចំផែនការអាទិភាពបោសសម្អាតនាពេលអនាគត។

ដោយមានការគាំទ្រជាបន្តបន្ទាប់ពីដៃគូក្នុងស្រុក និងអន្តរជាតិ CMAC បានរក្សាសន្ទុះនៃសកម្មភាពក្នុងគម្រោងរបស់ខ្លួន ដើម្បីធានាបានចំពោះចក្ខុវិស័យនៃទឹកដីដែលគ្មានការគំរាមកំហែងពីគ្រាប់មីន។ ដែល នេះជាគោលដៅសុវត្ថិភាពសម្រាប់ប្រទេសកម្ពុជា ជាកន្លែងដែលសហគមន៍អាចរីកចម្រើនដោយគ្មានការភ័យខ្លាចចំពោះគ្រាប់រំសេវ ឬគ្រាប់មីនដែលមិនទាន់ផ្ទុះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អង្គការ CMAC និង APOPO នឹងរួមគ្នាបោសសម្អាតមីនលើផ្ទៃដីជិត៨លានម៉ែត្រក្រឡានៅខេត្តចំនួន២

អង្គភាពស៊ីម៉ាក់កម្ពុជា និងអង្គការអាប៉ូប៉ូ បានចុះអនុស្សរ […]

ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទ […]