វិភាគ៖ តើកម្ចីពីចិនមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឲ្យកម្ពុជារីកចម្រើន ឬវ័ណ្ឌក?

ក្នុងទសវត្សចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងចំណាយថវិការបស់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បើគិតត្រឹមចុងឆ្នាំ២០១៨ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត សរុបប្រវែងជាង ១ ម៉ឺន ៦ពាន់ គីឡូម៉ែត្រ ត្រូវបានស្តារនិងស្ថាបនាឲ្យប្រសើរជាងមុន។

លើសពីនេះ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៣០ ខែសីហា កន្លងមកនេះ ក៏ទើបតែបានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈឆ្នាំ២០២០-២០២២ ដោយក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ ពោលគឺ ជាង ៧ពាន់លានដុល្លារ។

ការបែងចែកថវិកាដ៏ច្រើនសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនេះ ជាផ្នែកមួយនៃមហិច្ឆិតារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការរីកចម្រើននៃសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ទោះយ៉ាងណា ផែនការដ៏មហិមានេះក៏ភ្ជាប់មកជាមួយបំណុលរាប់លានដុល្លារផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៨ បំណុលរដ្ឋាភិបាលកម្ពុជាដែលខ្ចីពីបរទេសមានដល់ទៅប្រមាណ ៧ ពាន់លានដុល្លារ ដែលក្នុងនោះភាគច្រើនត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់និងស្ពានជាដើម។

ក្នុងចំណោមកម្ចីចីជាង ៧ ពាន់លានដុល្លារនេះ កម្ចីពីប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative) គឺមានរហូតដល់ទៅជិត ៣ ពាន់លានដុល្លារអាមេរិក។ ប្រាក់កម្ចីពីចិននេះ ដែលគិតទាំងប្រាក់កម្ចីសម្បទាននិងប្រាក់កម្ចីមានអត្រាការប្រាក់ទាប គឺត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍផ្លូវសរុបចំនួន ២៩ និងស្ពានចំនួន ៨ ដែលមានប្រវែងសរុបប្រមាណ ២,៨៨៨ គីឡូម៉ែត្រ។

គម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗដែលកំពុងដំណើរការក្រោមកម្ចីចីចិនគឺ ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលបច្ចុប្បន្នកំពុងសាងសង់ក្រោមប្រាក់កម្ចីសរុបចំនួនជាង ២ ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)

ក្រៅពីនេះ ក្រសួងសាធារណការក៏បានត្រៀមសាងសង់ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ១០ និងកំពង់ផែភ្នំពេញ ដោយកំពុងស្នើសុំប្រាក់កម្ចីសម្រាប់គម្រោងទាំងនេះគិតជាទឹកប្រាក់ប្រមាណជិត ៤០០ លានដុល្លារអាមេរិកទៀត។

ទោះបីជាជំនួយនេះបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលដូចផ្សិតយ៉ាងណាក្កី ក៏នៅមានក្រុមអ្នករិះគន់ជាច្រើនអះអាងថា ប្រទេសចិនកំពុងប្រើប្រាស់ការវិនិយោគ ឬប្រាក់កម្ចី ដើម្បីជំរុញរបៀបវារៈនយោបាយរបស់ខ្លួននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុមអ្នកជំនាញកំពុងសម្តែងការព្រួយបារម្ភថា បណ្តាប្រទេសកូនបំណុល អាចនឹងធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិន ហើយនៅទីបញ្ចប់នឹងបាត់បង់អធិបតេយ្យភាពរបស់ខ្លួនឲ្យទៅប្រទេសចិន នៅពេលដែលពួកគេមិនអាចសងបំណុលបាន។ ប្រទេសស្រីលង្កាគឺឧទាហរណ៍ជាក់ស្ដែងមួយដែលត្រូវប្រគល់កំពង់ផែរបស់ខ្លួនឲ្យទៅប្រទេសចិនជួលរយៈពេល ៩៩ ឆ្នាំ ដើម្បីដោះបំណុល។

ក្នុងនេះដែរ ប្រទេសកម្ពុជាក៏ជាប្រទេសមួយ ដែលក្រុមអ្នកជំនាញបានលើកឡើងមកជជែកពិភាក្សាជាញឹកញាប់ ព្រមជាមួយនឹងការព្រួយបារម្ភ ។

សាស្ត្រាចារ្យ Carlyle A. Thayer ដែលជាសាស្ត្រាចារ្យចូលនិវត្តន៍នៃសកលវិទ្យាល័យ New South Wales សម្តែងការព្រួយបារម្ភក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ការពឹងផ្អែកលើប្រទេសចិន អាចបណ្តាលឲ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់បំណុល។

សាស្ត្រាចារ្យ Thayer បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនចិនចូលរួមក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងចង់កាន់កាប់ហេដ្ឋារចនាសម្ព័ន្ធ ឧទាហរណ៍ដូចជាកំពង់ផែ និងអាកាសយានដ្ឋានជាដើម»។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានច្រានចោលជាដាច់ខាតចំពោះការលើកឡើងនេះ ដោយបញ្ជាក់យ៉ាងមឹងម៉ាត់ថា បំណុលរដ្ឋនៅមានកំរិតទាបនៅឡើយបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃទៀត ហើយរដ្ឋាភិបាលគឺគ្រប់គ្រងបំណុលនេះបានយ៉ាងល្អ។

សម្តេចនាយករដ្ឋមន្ត្រីតី ហ៊ុន សែន បានមានប្រសាសន៍ កាលពីខែមេសាកន្លងមកនេះ ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ២ នៅទីក្រុងប៉េកាំង ថា ប្រទេសកម្ពុជានឹងមិនធ្លាក់ក្នុងអន្ទាក់បំណុលនោះទេ ព្រោះកម្ពុជាទទួលយកតែគម្រោងណាដែលមានអត្ថប្រយោជន៍ដល់ប្រទេសប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «វាមិនដូចទស្សនៈរបស់អ្នកដែលជឿថា BRI នឹងធ្វើឱ្យប្រទេសខ្លះធ្លាក់ក្នុងអន្ទាក់បំណុលនោះទេ។ ប្រទេសកម្ពុជានឹងចរចាហើយអនុវត្តតែគម្រោងដែលមានផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះ ដោយមិនបង្កើនបន្ទុកហិរញ្ញវត្ថុនិងបំណុលសាធារណៈនោះទេ។

សម្តេច ហ៊ុន សែន ក៏បានលើកឡើងទៀតថា៖ «ចំណុចទាំងអស់នេះបើសិនជាមិនមានចិនទេ សួរថានរណាជាអ្នកជួយយើងពិតប្រាកដ ព្រោះអ្នកដទៃបានត្រឹមស្រែក បានត្រឹមប្រដៅប៉ុន្តែគេមិនឲ្យយើងអ្វីទាំងអស់»។

លើសពីនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានច្រានចោលអំពីការលើកឡើងនៃបំណុលវណ្ឌកនេះដែរ ដោយឯកឧត្តមបានបញ្ជាក់ថា កម្ពុជានៅតែអាចខ្ចីថែមទៀត ដរាបណាប្រាក់កម្ចីនេះចូលរួមចំណែក នៃកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «ប្រាក់កម្ចីប្រៀបធៀបនឹងផលិតផលសរុបក្នុងស្រុកយើងគឺមានត្រឹងតែ ២១ភាគរយទេ ទាបជាងប្រទេសក្នុងតំបន់អាស៊ានទាំងអស់។ ប្រទេសធំដូចជា អាមេរិក ចិន ជប៉ុន គឺមានកម្ចីដល់ទៅ ១០០ ឬ ២០០ ភាគរយនៃ GDP ឯណោះ។ អីចឹងយើងនៅមានលទ្ធភាពខ្ចីថែមទៀត មកកសាងប្រទេសជាតិមាតុភូមិរបស់យើង ហើយចិនគេមិនដែលបង្ខំយើងថា កម្ពុជាត្រូវតែខ្ចីលុយគេទេ… មានតែយើងទេស្នើសុំទៅគេ»។

«ដូច្នេះគ្មានអីត្រូវនិយាយថាគេយកនេះប្រាក់កម្ចីជាអន្ទាក់ដាក់យើងឲ្យវ័ណ្ឌក ហើយទៅថ្ងៃក្រោយពេលយើងសងគេមិនបាន យើងជាក្លាយជាអនានិគមន៍ គឺអត់មានបែបនេះទេ។ ដោយសារយើងគ្រប់គ្រងបំណុលយើងបានល្អណាស់»។

«បើយកប្រាក់កម្ចីនេះមកចាយវាយខ្ជះខ្ជាយ កញ្ជើធ្លុះ អាណឹងមានបញ្ហា តែបើខ្ចី ១០០ ចំណេញ ១០០០ ហេតុអ្វីបានយើងមិនខ្ចីដើម្បីប្រទេសជាតិយើងមានការរីកចម្រើន។ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អហ្នឹងហើយ ដែលបានធ្វើឲ្យសេដ្ឋកិច្ចខ្មែរមានការរីកចម្រើន ៧ភាគរយក្នុងមួយឆ្នាំ» ឯកឧត្តមបានបន្ត។

បើវិភាគដោយប្រើទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច ការចំណាយរបស់រដ្ឋាភិបាល (Government Spending) ដែលភាគច្រើនបានមកពីកម្ចីពីបរទេស គឺរួមចំណែកក្នុងការធ្វើឲ្យ GDP កើនឡើងគុណដង ឬហៅថា Multiplier Effect ។

បើតាមរូបមន្តសេដ្ឋកិច្ច GDP ឬប្រាក់ចំណូលសរុបគឺស្មើនឹងការប្រើប្រាស់ ឬ បរិភោគ (Consumption) បូកនឹង ការវិនិយោគ (Investment) បូកនឹងការចំណាយរបស់រដ្ឋាភិបាល (Government Spending) ហើយបូកនឹងការនាំចេញសុទ្ធ (Net Export) ឬរូបមន្តកាត់ថា Y = C + I + G + NX ។ ដូច្នេះប្រសិនបើការចំណាយរបស់រដ្ឋាភិបាល ឬ G កើនឡើងប្រាក់ចំណូល ឬ GDP ក៏នឹងកើនឡើងដែរ ដែលនឹងបណ្តាលឱ្យការបរិភោគកើនឡើង ហើយធ្វើឲ្យប្រាក់ចំណូល ឬ GDP កើនឡើងម្តងទៀត ហើយវិលជុំបែបនេះម្ដងហើយម្ដងទៀត។ ការវិលជុំនេះហៅថា Multiplier Effect របស់ការចំណាយរបស់រដ្ឋាភិបាលលើ GDP។ ដូច្នេះការចំណាយរបស់រដ្ឋាភិបាលគឺជារឿងមួយដែលល្អសម្រាប់សេដ្ឋកិច្ច។

បើវិភាគដោយមិនប្រើទ្រឹស្តី ការចំណាយរបស់រដ្ឋាភិបាលទៅលើហេដ្ឋារចនាសម្ព័ន្ធគឺល្អសម្រាប់សេដ្ឋកិច្ច ព្រោះវាបង្កើតការងារកាន់តែច្រើន ការវិនិយោគកាន់ក៏តែច្រើន ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ចូន ដែលនាំឱ្យមានលំហូរពាណិជ្ជកម្មនិងសេដ្ឋកិច្ចកាន់តែប្រសើរ ដែលជាការធ្វើឲ្យ GDP ឬ ចំណូលកើនឡើង។

ទោះយ៉ាងណាក្ដី សំណួរចុងក្រោយគឺតើរដ្ឋាភិបាលនឹងយកប្រាក់ពីណាដើម្បីសងបំណុល។ ចម្លើយគឺតាមរយៈពន្ធ។ នៅពេលអនាគតរដ្ឋាភិបាលគឺត្រូវតែតម្លើងពន្ធ។ ការដំឡើងពន្ធនឹងធ្វើឲ្យប្រជាជនបន្ថយការចំណាយ ដែលអាចធ្វើឱ្យ GDPធ្លាក់ចុះ។ ដូច្នេះវិធីសាស្រ្តដែលរដ្ឋាភិបាលនឹងដំឡើងពន្ធយ៉ាងដូចម្ដេចក៏ជាបញ្ហាមួយទៀតសម្រាប់ប្រទេសកម្ពុជាដែលត្រូវតែគិត។ ដូច្នេះរដ្ឋាភិបាលត្រូវមានការរៀបចំផែនការឱ្យបានល្អស្តីពីវិធីសម្រាប់ការគ្រប់គ្រងបញ្ហានេះ ដើម្បីចៀសវាងអន្ទាក់បំណុល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]