វៀតណាមគ្រោងវិនិយោគ ៦៥ ពាន់លានដុល្លារ សម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក

ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម កាលពីថ្មីៗនេះបានប្រកាសពីគម្រោងចំណាយទឹកប្រាក់សរុបដល់ជាង ៦៥ពាន់លានដុល្លារអាមេរិក ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទូទាំងប្រទេស។

យោងតាមផែនការមេឆ្នាំដល់ ២០៣០ ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ និងស្ដារគម្រោងជាច្រើន រួមមាន ការសាងសង់ផ្លូវល្បឿនលឿនសរុប ៥ ០០០គីឡូម៉ែត្រ ទូទាំងប្រទេស ការសាងសង់កំពង់ផែទឹកជ្រៅនៅហៃផុង ការសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ពីហាណូយ ទៅហូជីមិញ (ជើងត្បូង) និង ការបញ្ចប់ការសងសង់ព្រលានយន្តហោះអន្តរជាតិឡុងថាញ់។

ប្រទេសវៀតណាម បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់ទៅហើយ ជាក់ស្ដែង គិតត្រឹមឆ្នាំនេះ វៀតណាមមានផ្លូវល្បឿនលឿនសរុបប្រវែង ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរការទូទាំងប្រទេស។ ប៉ុន្តែ ហេតុអ្វីវៀតណាមនៅតែត្រៀមទុនដ៏សម្បើមដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត?

តើមហិច្ឆតារបស់វៀតណាមគឺជាអ្វី?

The Diplomat បានវិភាគថា មហិច្ឆតារបស់វៀតណាមគឺចង់ក្លាយខ្លួនជា កូរ៉េខាងត្បូង តៃវ៉ាន់ និងសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍថ្មី និងមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងក្នុងតំបន់។ ជារួម វៀតណាមចង់ក្លាយជាប្រទេសចំណុចកណ្ដាលនៃសេដ្ឋកិច្ចតំបន់ដូចប្រទេសទាំងនោះដែរ។

ដើម្បីធ្វើដូច្នោះបាន វៀតណាមត្រូវតែរៀនសូត្រពីគំរូប្រទេសទាំង ៣ នោះ ហើយចំណុចដូចគ្នាដែរប្រទេសទាំង ៣ បានអនុវត្តគឺការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្ដែង សេដ្ឋកិច្ចប្រទេសវៀតណាមបាននឹងកំពុងមានសន្ទុះយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យឧស្សាហកម្មផលិតកម្ម និងការនាំចេញ ដែលជំរុញដោយកម្លាំងពលកម្មតម្លៃទាប។

ដោយយកកំណើនសេដ្ឋកិច្ចមកវិភាគ វៀតណាមគិតថា ដើម្បីឱ្យសង្វាក់ផលិតកម្មនៅប្រទេសរបស់ខ្លួនកាន់តែធំ វៀតណាមត្រូវមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំគ្រប់គ្រាន់។ ឧទាហរណ៍ ផ្លូវថ្នល់ ផ្លូវដែក ព្រលានយន្តហោះ និងកំពង់ផែ ត្រូវតែតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូល ដែលកំពុងកើនឡើង។

ជាក់ស្ដែង វៀតណាមរួមបញ្ចូលការសាងសង់កំពង់ផែទឹកជ្រៅនៅហៃផុងទៅក្នុងផែនការមេឆ្នាំ ២០៣០ គឺដោយសារតែសម្លឹងឃើញថា ក្រុមហ៊ុន LG Display ពីប្រទេសកូរ៉េខាងត្បូងបានវិនិយោគជាង ៣ពាន់លានដុល្លារ លើរោងចក្រផលិតនៅទីក្រុងហៃផុងភាគខាងជើង។ ដូច្នេះ ទៅអនាគតក្រុមហ៊ុននេះ នឹងត្រូវការកំពង់ផែដ៏ធំ និងងាយស្រួលក្នុងការនាំចេញ និងនាំចូលទំនិញ។

ជាមួយនឹងមហិច្ឆតាដែលនឹងត្រូវចំណាយទុនជាង ៦៥ពាន់លានដុល្លារនេះ សំណួរបន្ទាប់គឺ តើវៀតណាម នឹងយកថវិកាពីប្រភពណា?

កន្លងមកវៀតណាមបានសិក្សារុករកវិធីសាស្រ្តជាច្រើនដើម្បីរកថវិកាមកបំពេញមហិច្ឆតានេះ ដូចជាការជំរុញដោយឯកជនជាអ្នកវិនិយោគ និងកម្ចីពីបរទេសជាដើម។ ប៉ុន្តែវិធីសាស្រ្តទាំងនេះ ហាក់ដូចជាពិបាក និងត្រូវចំណាយពេលយូរដោយសារតែគម្រោងមានទំហំទុនធំ។

បើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម Nguyen Van The វិធីសាស្រ្តចុងក្រោយដែលវៀតណាមគ្រោងនឹងធ្វើដើម្បីស្វែករកទុន គឺតាមរយៈការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល ឬហៅថា Government Bond។

ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ និយាយឱ្យងាយយល់គឺដូចជារដ្ឋខ្ចីលុយគេដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ទាបណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។

លើសពីនេះ រដ្ឋាភិបាលវៀតណាម ក៏មានផែនការនឹងយកថ្លៃឈ្នួលពីការធ្វើចរាចរណ៍លើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដើម្បីសងបំណុលផងដែរ។ វៀតណាម ចាត់ទុកថាវិធីប្រសើរជាងខ្ចីលុយពីបរទេសដោយផ្ទាល់ៗទាំងដុំៗដែរ។

យ៉ាងណាមិញ The Diplomat វិភាគទៀតថា ផែនការនេះហាក់ដូចជាល្អ ប៉ុន្តែក្នុងការអនុវត្ត វៀតណាមអាចនឹងប្រឈមបញ្ហាជាច្រើនទៀតដូចជា ការដោះស្រាយវិវាទដីធ្លីនៅតាមតំបន់អភិវឌ្ឍន៍បញ្ហាហិរញ្ញប្បទាន និងបំណុលរយៈពេលវែង ជាដើម។

រូបភាពដោយ៖ Financial Time

- Video Advertisement -