សភាអាមេរិកចង់រឹតចំណងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជាលើវិស័យឧស្សាហកម្មថាមពល
សភាអាមេរិកមានបំណងរឹតចំណងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាលើវិស័យឧស្សាហកម្មថាមពល ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចពិភាក្សាជាមួយសមាជិកសភាអាមេរិក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងគណ:ប្រតិភូកម្ពុជា ជាមួយឯកឧត្ដម Ron Estes តំណាងរាស្ត្រនៅសង្កាត់ទី៤ នៃរដ្ឋ Kansas និងលោកជំទាវ Carol Miller តំណាងរាស្ត្រនៅសង្កាត់ទី៣ នៃរដ្ឋ West Virginia កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្ដម ស៊ុន ចាន់ថុល បានជម្រាបជូនសមាជិកសភាអាមេរិកទាំងពីររូបអំពីការរីកចម្រើនរបស់កម្ពុជា វឌ្ឍនភាព និងសក្ដានុពលនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ និងព័ស្ដុភារកម្ម។
ជាមួយគ្នានោះ ឯកឧត្ដម ប៉ាន សូរស័កិ្ដ ក៏បានលើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មរ៉ែ ថាមពល និងប្រេងកាត ព្រមទាំងវិស័យកាត់ដេរ ជាពិសេសច្បាប់ស្ដីពីការវិនិយោគកម្ពុជា ដែលមានលក្ខណៈបើកចំហដ៏ល្អប្រសើរជាងគេមួយនៅតំបន់អាស៊ី។
ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្ដម Ron Estes បានលើកឡើងពាក់ព័ន្ធនឹងបច្ចេកវិទ្យានៃការផលិតយន្តហោះ យានយន្ត និងឧស្សាហកម្មកម្មន្តសាលផ្សេងៗសម្រាប់នាំចេញទៅក្រៅប្រទេស។
បន្ថែមពីនេះ លោកជំទាវ Carol Miller ក៏ចង់រឹតចំណងពាណិជ្ជកម្ម និងវិនិយោគផ្ដោតលើវិស័យឧស្សាហកម្មថាមពល ដូចជា៖ ធ្យូងថ្ម ប្រេង និងឧស្ម័ន សំដៅចង់រឹតចំណងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។
គួរបញ្ជាក់ដែរថា នាឪកាសនោះ ភាគីកម្ពុជា ក៏បានអញ្ជើញសមាជិកសភាអាមេរិកទាំងពីររូបខាងលើ មកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែសីហា ឆ្នាំ២០២២ នាពេលខាងមុខ ដើម្បីបន្តជជែកពិភាក្សាបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការ សំដៅជំរុញវិនិយោគិនអាមេរិកមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត និងអាចមើលឃើញអំពីស្ថានភាពរីកចម្រើនរបស់កម្ពុជាដោយផ្ទាល់ផងដែរ៕
- Video Advertisement -