សមាគមអ្នកសាងសង់កម្ពុជា ចាប់ដៃគូជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី និងសមាគមសហគ្រាសដ៏ធំបំផុតនៅម៉ាឡេស៊ី ដើម្បីពង្រីក…
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (MCCC) ក្រោមអធិបតីភាពលោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានCCA និងលោក Dato’s Sri Dr Rick Yaw ប្រធាន MCCC នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ កិច្ចប្រជុំលំដាប់កំពូលធុរកិច្ចនេះ បានបើកទំព័រនៃការផ្តួចផ្តើមកិច្ចសហការកៀរគរសមាគមធុរកិច្ចដ៏សំខាន់មួយ ដើម្បីរៀបចំឡើងវិញនូវទិដ្ឋភាពសេដ្ឋកិច្ចនិងការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរភាគីបានពិភាក្សាអំពីផែនការសហប្រតិបត្តិការអនាគត ការផ្លាស់ប្តូរបទពិសោធន៍ធុរកិច្ច និងការស្វែងរកដៃគូពាណិជ្ជកម្មរវាងសមាគមធុរកិច្ចកម្ពុជា និងសមាគមធុរកិច្ចម៉ាឡេស៊ី តាមរយៈការរៀបចំទស្សនកិច្ចសិក្សា និងពិពរណ័ពាណិជ្ជកម្មជាបន្តបន្ទាប់។ ក្នុងជំនួបនោះផងដែរ លោក Dato បានលើកឡើងអំពីសាវតារអាជីវកម្មរបស់ MCCC ដែលបានចាប់ផ្តើមនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអនុសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គោលបំណងដើម្បីផ្សាភ្ជាប់សហគមន៍ធុរកិច្ចនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី ជំរុញបរិយាកាសនៃកិច្ចសហប្រតិបត្តិការ និងវិបុលភាពពាណិជ្ជកម្មរួមគ្នា។
ដោយបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា លោក Dato បានអញ្ជើញ CCA ទៅធ្វើទស្សនកិច្ចសិក្សាក្នុងកម្មវិធីពិពរណ័ធុរកិច្ចធំៗជាច្រើនរបស់ម៉ាឡេស៊ី រួមមានកម្មវិធី “Installation Night of MCCC” នៅក្នុងប្រទេសម៉ាឡេស៊ី ដែលគ្រោងធ្វើនៅខែមេសា ឆ្នាំ ២០២៤ ដែលនឹងមានវត្តមានចូលរួមដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។ ការអញ្ជើញនេះក៏រួមបញ្ចូលផងដែរនូវដំណើរបេសកកម្មសម្រាប់សហគ្រិនកម្ពុជា ដើម្បីទៅទស្សនាក្រុមហ៊ុនម៉ាឡេស៊ី ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី។
លោក Dato បានបង្ហាញផែនការបន្ថែមទៀតក្នុងការនាំយកពាណិជ្ជករម៉ាឡេស៊ីជាង ៤០ នាក់ មកពីស្ថាប័ន SME Malaysia ដែលតំណាងឱ្យសមាគមសហគ្រាសធុនតូច និងមធ្យម (SME) ដ៏ធំបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី មកបំពេញបេសកកម្មពាណិជ្ជកម្មនៅកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងបន្តដោយដំណើរទស្សនកិច្ចពាណិជ្ជកម្មដ៏សំខាន់មួយទៀត នៅក្រោយខែឧសភា ឆ្នាំ ២០២៤ ដោយនាំយកម្ចាស់អាជីវកម្មជាង ៦០ មកពីប្រទេសម៉ាឡេស៊ី ក្នុងនោះក៏នឹងមានវត្តមានចូលរួមពីក្រុមហ៊ុនល្បីៗដូចជា ជីប ម៉ុង និង World Bridge ផងដែរ។
ជាការឆ្លើយតប ឧកញ៉ា ឆាលស៍ វ៉ាន់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងលោក Dato’ Sri Dr Ricky Yaw និងសមភាគីកម្ពុជាក្នុងការបង្កើត MCCC ឡើងបានដោយជោគជ័យ។ លោកបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអនាគតនៃកិច្ចសហប្រតិបត្តិការដែលកំពុងលេចជារូបរាងឡើង ដោយលោកបញ្ជាក់ថា “សមាគមអ្នកសាងសង់កម្ពុជា និងសមាជិករបស់ខ្លួនតែងតែស្វាគមន៍អ្នកវិនិយោគទំាងអស់ ជាពិសេសមកពីប្រទេសម៉ាឡេស៊ី”។
លោកក៏បានបន្តថា “សមាជិកសមាគមអ្នកសាងសង់កម្ពុជា មានបទពិសោធន៍ជ្រាលជ្រៅនៅក្នុងទីផ្សារកម្ពុជា និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មចាំបាច់ណាមួយដើម្បីគាំទ្រដល់ការបណ្តាក់ទុនរបស់វិនិយោគិនម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជា។”
ជាទីបញ្ចប់នៃកិច្ចប្រជុំ លោកឧកញ៉ា បានថ្លែងអំណរគុណចំពោះការកើនឡើងនូវចំណាប់អារម្មណ៍ និងវត្តមានដ៏ច្រើននៃធុរកិច្ចម៉ាឡេស៊ីដែលចង់មករកស៊ីនៅក្នុងទីផ្សារកម្ពុជា។ លោកបានសម្តែងសុទិដ្ឋិនិយម ដោយរំពឹងថាជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងសម្រេចលទ្ធផលផ្លែផ្កា ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការទាញយកប្រយោជន៍ពីសក្តានុពលធុរកិច្ចរវាងប្រជាជាតិទាំងពីរ៕

- Video Advertisement -