សមាគមអ្នកសាងសង់នឹងចែករំលែកចំណេះដឹងពីវិស័យសំណង់ និងច្បាប់ក្នុងសិក្ខាសាលាអន្តរជាតិ
សមាគមអ្នកសាងសង់កម្ពុជា នឹងចែករំលែកចំណេះដឹងទាក់ទិននឹងបច្ចុប្បន្នភាពនៃវិស័យសំណង់នៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរថ្មីៗនៃច្បាប់ និងគោលនយោបាយនានាក្នុងវិស័យនេះ ដល់វិនិយោគិននៅក្នុងសិក្ខាសាលាអន្តរជាតិមួយ។
សិក្ខាសាលានេះ នឹងធ្វើឡើងនៅ ថ្ងៃទី២១ ខែតុលា ដែលរៀបចំឡើងដោយមូលនិធិ Dashun ក្រោមការឧបត្ថម្ភពីនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មនៃទីក្រុងហុងកុង។
គម្រោងនេះមានគោលបំណងចង់ផ្តល់ព័ត៌មានថ្មីៗអំពីនិន្នាការនៃការអភិវឌ្ឈនៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ពិសេសស្តីពីបរិយាកាសអាជីវកម្មក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់។
សិក្ខាសាលានឹងពិភាក្សាស៊ីជម្រៅលើបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនៅក្នុងតំបន់ ទិសដៅដើម្បីស្វែងរកឱកាសវិនិយោគ សិក្សាហានិភ័យ និងដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មដែលមានប្រសិទ្ធភាព។
ការពិភាក្សានេះ នឹងជាកត្តាជំរុញឱ្យវិនិយោគិនហុងកុងជឿទុកចិត្ត និងចង់ចូលមកវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅប្រទេសទាំង ៣ ខាងលើឱ្យបានច្រើនជាងមុន។
ក្នុងនាមជាតំណាងប្រទេសកម្ពុជា លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគម នឹងផ្តោតសំខាន់លើការផ្តល់នូវការចំណេះដឹងទាក់ទិននឹងច្បាប់សំណង់ និងគោលនយោបាយពន្ធ ក្នុងវិស័យសំណង់ ខណៈសិក្ខាសាលានេះនឹងបង្ហាញពីវិធីសាស្រ្តវិនិយោគនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពទៀតផង។
លោកបន្តថា៖ «សិក្ខាសាលានេះគឺជាវេទិកាដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលនៃវិស័យសំណង់កម្ពុជាទៅឆាកអន្តរជាតិ។ ព័ត៌មានជាក់លាក់ គ្រប់គ្រាន់ និងច្បាស់លាស់ គឺជាកត្តាសំខាន់ ព្រោះវានឹងជួយឱ្យអ្នកវិនិយោគមានទំនុកចិត្តជាងមុន និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន»។
ក្រៅពីវិស័យសំណង់ សិក្ខាសាលាក៏ពិភាក្សាស្ដីពីវិស័យអចលនទ្រព្យនៅកម្ពុជាដែលនឹងធ្វើបទបង្ហាញដោយលោក Ross Wheble ប្រធាន Knight Frank Cambodia និងនិន្នាការអភិវឌ្ឈបច្ចេកវិទ្យាអចលនទ្រព្យដែលនឹងចែករំលែកដោយលោក Tom O’Sullivan នាយកក្រុមហ៊ុន Realestate.com.kh ។

