សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា
សមាគមអ្នកសាងសង់នៅកម្ពុជា ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុនចែករំលែកបទពិសោធន៍ និងជួយធ្វើទំនើបកម្មពង្រឹងគុណភាពស្ដង់ដាកិច្ចសន្យាគម្រោងសំណង់នានានៅកម្ពុជា ខណៈក៏ជំរុញឱ្យវិនិយោគិនជប៉ុនមកវិនិយោគក្នុងវិស័យសំណង់បន្ថែម។
ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងសមាគមអ្នកសាងសង់នៅកម្ពុជា និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ MUFG របស់ជប៉ុនកាលពីថ្ងៃ ១៧ តុលា ឆ្នាំ ២០២២ កន្លងទៅ។
ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនMUFG ចង់ស្វែកយល់ពីរបៀបវារៈនៃការទូទាត់ប្រាក់ ការធ្វើបូរេប្រទាន ការប្រគល់ទទួល ក៏ដូចជានីតិវិធី និងកិច្ចសន្យានានា សម្រាប់គម្រោងសំណង់ ទាំងក្នុងវិស័យរដ្ឋ និងឯកជន។
តំណាងសមាគម បានពន្យល់ទៅកាន់ភាគីជប៉ុនពីនីតិវិធី លក្ខខណ្ឌផ្លូវច្បាប់ ក៏ដូចជាដំណើរការពាក់ព័ន្ធនានាក្នុងការដេញថ្លៃយកគម្រោងសំណង់ រហូតដល់ទៅដំណាក់កាលប្រគល់ទទួលគម្រោង។
លើសពីនេះ តំណាងសមាគមក៏បានបង្ហាញពីបញ្ហាប្រឈមនានាទាក់ទិននឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា ដោយបានស្នើឱ្យភាគីជប៉ុនជួយចែករំលែកបទពិសោធន៍ត្រឡប់មកវិញខ្លះៗផងដែរ ដើម្បីធ្វើឱ្យស្តង់ដាកិច្ចសន្យាសំណង់នៅកម្ពុជាមានភាពប្រសើរជាងមុន។

