សម្ដេច៖ បើប្រទេសណាចង់ផ្ដល់ជំនួយដល់កម្ពុជាសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចិនជាដៃគូ និងប្រភពហិរញ្ញវត្ថុលំដាប់ទី១ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ធំៗជាច្រើននៅកម្ពុជា ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនមានទំនោរងាកទៅរកចិននោះទេ តែសួរថា៖ «បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?»។
ប៉ុន្តែ សម្ដេចបន្តទៀត នេះមិនមែនថាកម្ពុជារើសអើងជំនួយនោះ បើប្រទេសណាចង់បោះទុន ផ្ដល់ជំនួយដល់កម្ពុជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានឹងស្វាគមន៍ទាំងអស់។
សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីទទួលយកពហុកីឡដ្ឋានមរតកតេជោ កាលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ។
សម្តេច ហ៊ុន សែន ចោទសួរបន្តថា៖ «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទំនាក់ទំនងនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិដូចសព្វថ្ងៃនេះ?»
«ពហុកីឡដ្ឋានមរកតតេជោ នេះគ្រាន់តែជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយដែលជាការដ្ឋានធំៗ។ ខ្ញុំបូកសរុបគ្រាន់តែផ្លូវជាង ២ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានឆ្លងកាត់ទន្លេសាប ស្ពានឆ្លងកាត់ទន្លេបាសាក់ បើសិនជាគ្មានចិនជួយ តើបាននរណាជួយ?» សម្ដេចបានបន្ត។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ចិនបានផ្ដល់កម្ចីសរុបជាង ៣ពាន់លានដុល្លារ ហើយមកកម្ពុជាដើម្បីកសាងហេដ្ឋចរនាសម្ព័ន្ធនានារាប់ពាន់គីឡូម៉ែត្រ ក៏ដូចជាប្រព័ន្ធធានារាស្ត្រ អគ្គិសនី និងការជួយផ្នែកផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

