សម្តេច៖ សាច់ប្រាក់ពលកម្ម ១០០លានដុល្លារ បង្កើតការងារផង អភិវឌ្ឍនៅមូលដ្ឋានផង
គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទប្រមាណ ១០០លានដុល្លារ ដែលរដ្ឋាភិបាលបានផ្ដល់ជូន មិនត្រឹមតែអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទេ ថែមទាំងអាចផ្ដល់ការងារដល់ប្រជាជនទៀតផង។
សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែនបានឲ្យដឹងយ៉ាងដូច្នេះ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។
សម្ដេចបានលើកឡើងថា រដ្ឋាភិបាលមិនដែលប្រកាសបិទសេដ្ឋកិច្ចម្ដងណាទេ។ ម៉្យាងទៀត ដំណើរហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ពិសេសព្រលានយន្ដហោះភ្នំពេញ ដែលសម្ដេចទើបតែបានចុះពិនិត្យពេលកន្លងទៅ ក៏ដូចជាបណ្ដាគម្រោងផ្លូវនៅព្រះសីហនុ គម្រោងស្ពានឆ្លងទន្លេមេគង្គ នៅតែបន្តដំណើរជាធម្មតាទោះបីមានវិបត្តិកូវីដក៏ដោយ និងអាចស្រូបកម្លាំងពលកម្មបានយ៉ាងច្រើនទៀតផង។
សម្ដេចបានថ្លែងថា៖ «យើងបាន បោះទុនមួយរយលានដុល្លារចុះទៅជនបទ អ្នកបាត់បង់ការងារធ្វើក៏អាចរកការងារធ្វើនៅទីនោះបានដែរ។ ដូច្នេះមានការងារធ្វើនៅទីនោះ ១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្ដល់ជូនប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ជីកស្រះ ដើម្បីយកទឹកទៅស្រោចស្របហើយផលប្រយោជន៍បានទៅលើហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ជាច្រើនបានមកដល់ហោប៉ៅ របស់ប្រជាពលរដ្ឋផង។»
សូមរម្លឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបនឹងបានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាមេរិក សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩៕ (អានបន្ថែម)

