សម្តេច ហ៊ុន សែន នឹងបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅដើមខែធ្នូខាងមុខនេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាពបើកសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងក្នុងកិច្ចពិនិត្យទីតាំងកាលពី ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ថាការសាងសង់ស្ពានគឺជិតសម្រេចបានជាស្ថាពរហើយ ដោយពិធីសម្ពោធនឹងប្រារព្ធឡើងនៅខែធ្នូ។

មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មា មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ ទទឹងប្រវែង ១៣,៥០ ម៉ែត្រ និងចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕

- Video Advertisement -