សរុបដំណើរដើមទងរឿងបាត់ប្រេងខ្លីៗ តាមរបាយការណ៍របស់ក្រសួង មានសង្ឈឹមបានប្រេងមកវិញទេ?
ក្រោយពីក្រុមហ៊ុន KrisEnergy ដែលជាប្រតិបត្តិករបូមប្រេងនៅអណ្ដូងអប្សរាប្រកាសក្ស័យធនកាលពីខែ មិថុនា សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសពីការដួលរលំការបូមប្រេងនៅកម្ពុជា កាលពីថ្ងៃទី ១ សីហា ឆ្នាំ ២០២១ ដោយបានប្រាប់ថាមានការលួចដឹកប្រេងស្ងាត់ៗចេញពីកម្ពុជាជិត៣០ ម៉ឺនបារ៉ែល។
បន្ទាប់មកសម្ដេចប្រកាសដូច្នេះ ក្រសួងរ៉ែ និងថាមពល ក៏បានចាប់ផ្ដើមស្រាវជ្រាវ ហើយចេញប្រកាសពណ៌ក្រហមមួយ ទៅកាន់ប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំកិច្ចសហការក្នុងការរឹបអូសនាវានោះ។
រហូតមកដល់ថ្ងៃទី ២៥ សីហា ប្រទេសឥណ្ឌូនេស៊ីបានឃាត់ចាប់កប៉ាល់ផ្ទុកប្រេងបរិមាណជិត ៣០ ម៉ឺនប៉ារ៉ែល និងនាវិកជាង១០នាក់ ដែលមានឈ្មោះថា MT Strovolos។
ក្រោយស្រាវជ្រាវ ម្ចាស់នាវា MT Strovolos មិនមែនជាក្រុមហ៊ុន KrisEngery ទេ តែជាក្រុមហ៊ុន World Tankers Management គឺជាក្រុមហ៊ុន ដែលKrisEngery ជួលមកដឹកប្រេងឱ្យ។
បើតាមក្រសួងរ៉ែ ក្រុមហ៊ុន-World Tankers Management បានបញ្ជាឱ្យនាវានេះ ចាកចេញពីដែនទឹកកម្ពុជា នាម៉ោង៨យប់ថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ ហើយមូលហេតុអាចមកពីក្រុមហ៊ុន KrisEnergy ជំពាក់ថ្លៃជួលនាវា ទើប World Tankers Management ដឹកប្រេងរត់ស្ងាត់ៗបែបនេះ។
យ៉ាងណាក្ដី ក្រសួងរ៉ែថា នេះជាបញ្ហារបស់ក្រុមហ៊ុនទាំង ២។ ប៉ុន្តែ បញ្ហាធំ គឺការដឹកប្រេងរបស់កម្ពុជាចេញ ដោយមិនស្របច្បាប់ ដោយគ្មានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ។
ជុំវិញរឿងនេះ World Tankers Management បានអះអាងថា ខ្លួនចាកចេញ ដើម្បីប្ដូរអ្នកបើកនាវា និងចាក់ប្រេងប៉ុណ្ណោះ ដោយក្រសួងរ៉ែបានច្រានចោលហើយ ថានេះគ្រាន់តែជាលេស ព្រោះភាគីកម្ពុជាមិនបានទទួលព័ត៌មានអ្វីទាក់ទិននឹងរឿងទាល់តែសោះ។
ដូច្នេះមកទល់បច្ចុបន្ន កម្ពុជា និងឥណ្ឌូនេស៊ីកំពុងដំណើរការតាមផ្លូវច្បាប់ ដើម្បីស្នើយកប្រេងនោះមកកម្ពុជាវិញ ដោយក្រសួងរ៉ែ នឹងផ្ដល់ព័ត៌មានបន្ថែមទៀត ក្រោយរឿងក្ដីចប់។
យ៉ាងណាក៏ដោយ មកទល់បច្ចុប្បន្ន នៅមិនទាន់មានសេចក្ដីប្រកាសណាមួយចេញពីក្រុមហ៊ុន KrisEnergy លើបញ្ហានេះនៅឡើយ។
¬
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy បូមប្រេងនៅកម្ពុជា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥% ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥%។
- Video Advertisement -