សហព័ន្ធអ្នកសាងសង់អាស៊ាន ACF ធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំទស្សនៈវិស័យឧស្សាហកម្មសំណង

ដោយសារតែកម្លាំងចលករនៃឧស្សាហកម្មសំណង់ក្នុងតំបន់ សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបើកកិច្ចប្រជុំពិសេសមួយលើប្រធានបទ “ការអភិវឌ្ឍន៍ឧស្សាហកម្មសំណង់អាស៊ាននៅក្នុងទសវត្សរ៍កន្លងផុតថ្មីៗនេះ និងសម្រាប់អនាគត” ។

សមាគមអ្នកម៉ៅការសាងសង់ថៃ (TCA) និងសហព័ន្ធអ្នកម៉ៅការសាងសង់អាស៊ាន (ACF) បានរួមគ្នារៀបចំសន្និសីទនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ប្រទេសថៃ។ គណៈប្រតិភូជាន់ខ្ពស់ជាង ៥០នាក់ មកពីសមាគមអ្នកម៉ៅការសាងសង់ចំនួន ៦ដែលតំណាងឿឲ្យក្រុមហ៊ុនឯកជនរកស៊ីពាក់ព័ន្ធនឹងវិស័យសំណង់ពីទូទាំងអាស៊ានបានចូលរួមព្រឹត្តិការណ៍នេះ ដែលក្នុងនោះរួមមាន សមាគមអ្នកសាងសង់កម្ពុជា (CCA) សមាគមអ្នកសាងសង់ម៉ាឡេស៊ី (MBAM) សមាគមអ្នកសាងសង់ហ្វីលីពីន (PCA) និងសមាគមអ្នកសាងសង់វៀតណាម (VACC)។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនេះសមាជិក ACF បានផ្លាស់ប្តូរចំណេះដឹងពីវិស័យសំណង់ក្នុងទសវត្សរ៍កន្លងមក និងកំណើនវិស័យនេះនាពេលអនាគត។ លោកបណ្ឌិត តាន់ មុន្នីវ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជា និងមន្រ្តីជាន់ខ្ពស់មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញអំពីប្រធានបទផ្សេងៗទាក់ទងនឹងម៉ាក្រូសេដ្ឋកិច្ច ឧស្សាហកម្មគាំទ្រដល់សេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជា អាជីវកម្មនៅកម្ពុជា និងឧស្សាហកម្មសំណង់។

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅរយៈពេលបួនខែបន្ទាប់ពីកិច្ចប្រជុំរបស់ ACF កាលពីខែមេសា នៅឥណ្ឌូណេស៊ី ជាមួយសមាជិករបស់ខ្លួន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការសាងសង់នៅក្នុងប្រទេសសមាជិកអាស៊ាន និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ និងស្ពាន។

សហព័ន្ធអ្នកសាងសង់អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ១៩៨៥ ហើយបានរៀបចំកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រចាំឆ្នាំពីរដងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៣១ឆ្នាំជាប់ៗគ្នា។ ក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាពិភាក្សាពីបញ្ហាអាជីវកម្មដែលកើតមាននៅក្នុងឧស្សាហកម្មសំណង់អាស៊ាន។

រហូតមកដល់ពេលនេះ ACF មានសមាជិកសមាគមអ្នកម៉ៅការសាងសង់ចំនួន ៨ ដែលតំណាងឲ្យក្រុមហ៊ុនឯកជនរកស៊ីពាក់ព័ន្ធនឹងវិស័យសំណង់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ សមាគមទាំងនោះរួមមាន សមាគមអ្នកសាងសង់កម្ពុជា (CCA) សមាគមអ្នកសាងសង់ឥណ្ឌូណេស៊ី (ICA) សមាគមអ្នកសាងសង់ម៉ាឡេស៊ី (MBAM) សមាគមន៍អ្នកសាងសង់ហ្វីលីពីន (PCA) សមាគមអ្នកសាងសង់សិង្ហបុរីលីមីធីត (SCAL) សមាគមអ្នកសាងសង់ថៃ (TCA) សមាគមអ្នកសាងសង់វៀតណាម (VACC) និងសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA) ។

- Video Advertisement -