សាលាក្រុងកំពុងបង្កើតឧទ្យានជាតិដ៏ធំមួយលើផ្ទៃដី ៧៥ហិកតា នៅខណ្ឌព្រែកព្នៅ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងប្រែមុខមាត់ដី ៧៥ហិកតា នៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ទៅជាឧទ្យាជាតិដ៏ធំមួយ ខណៈបច្ចុប្បន្នដើមឈើជាច្រើនដើមកំពុងត្រូវបានត្រៀមដើម្បីយកទៅដាំនៅទីនោះ។ នេះបើយោងតាមទំព័រ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញ និងប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង កាលពីពេលថ្មីៗនេះ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ឧទ្យានជាតិនេះគឺជាគំនិតផ្តួតផ្តើម របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះដើមឈើប្រមាណ ១០ម៉ឺនដើម គ្រោងនឹងដាំនៅក្នុងឧទ្យាននោះ។

ឯកឧត្តម បន្តថា៖ «នេះជាការគិតគូរវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការលើកកម្ពស់សោភ័ណភាព និងគម្របបៃតងក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។

បើយោងតាមផែនការរយៈពេលវែង ឧទ្យានជាតិនេះមិនមែនមានតែដើមឈើប៉ុណ្ណោះទេ តែនឹងមានកន្លែងផ្សេងៗទៀត ដូចជាអាងហែល ទឹកកន្លែងកម្សាន្ត ភោជនីយដ្ឋាន និងកន្លែងសម្រាកលំហែកាយជាដើម។

យោងតាមកាសែតខ្មែរថាមស៍ គម្រោងនេះត្រូវបានត្រៀមតាំងពីឆ្នាំ ២០២១ មកម្ល៉េះ ហើយគម្រោងបញ្ចប់នៅឆ្នាំ ២០២៣ តែអាចនឹងយឺតយ៉ាវបន្ដិចដោយសារបញ្ហាកូវីដ។

គូរបញ្ជាក់ផងដែរថា ក្រៅពីការអភិវឌ្ឍធ្វើឧទ្យានជាតិ ដីនៅតំបន់បឹងតាមោកនេះត្រូវបានកាត់ឱ្យទៅស្ថាប័នរដ្ឋ និងឯកជនជាច្រើនដងមកហើយ ប្រមាណរាប់រយហិកតា។​ (អានបន្ថែម)

- Video Advertisement -