សាឡាងឆ្លងនៅទន្លេមេគង្គស្ទឹងត្រង់- ក្រូចឆ្មារ នឹងបង្វែយកទៅប្រើប្រាស់នៅខេត្តកំពង់ឆ្នាំងវិញ
សាឡាងដែលដឹកជញ្ជូនអ្នកដំណើរ ឆ្លងទន្លេមេគង្គស្ទឹងត្រង់- ក្រូចឆ្មារ នឹងត្រូវបង្វែរទៅខេត្តកំពង់ឆ្នាំងវិញ សម្រាប់ដឹកអ្នកដំណើរឆ្លងទន្លេចំនួន៣ ពីក្រុងកំពង់ឆ្នាំងទៅស្រុកកំពង់លែង។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទៅយកពីសាឡាងនេះពីខេត្តកំពង់ចាមកាលពីថ្ងៃទី ២៤ ខែឧសភា កន្លងទៅនេះ ដោយសាឡាងនឹងទៅដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែឧសភា នេះ។
ក្រោយពីបានស្ថាបនាផ្លូវលេខ50C ភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ ឃើញថាមានអ្នកដំណើរធ្វើដំណើរឆ្លងកាត់ទន្លេច្រើន ដែលធ្វើឱ្យសាឡាងនៅទីនោះមានភាពមមាញឹកខ្លាំង។
ដូច្នេះ សាឡាងបន្ថែមនេះ នឹងជួយសម្រួលដល់ការឆ្លងកាត់កាន់តែងាយស្រួល និងបញ្ជៀសការកកស្ទះថែមទៀត។
គួរបញ្ជាក់ថា កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ នឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់។ (អានបន្ថែម)

