សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ នឹងមានវត្តមាននៅខេត្តតាកែវឆាប់ៗនេះ
សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ ទំហំប្រមាណ ៥០ ០០០ ម៉ែត្រក្រឡា កំពុងចាប់ផ្ដើមស្ដារអាងទឹកបឹងទន្លាប់ ឈូសឆាយចាក់បំពេញអាចម៍ដី និងត្រៀមបង្ហាញរូបរាងក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាពេលឆាប់ៗនេះ។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលស្រុកគិរីវង់ សួនវប្បធម៌នេះ មានប្រវែង ៥០០ ម៉ែត្រ និងទទឹង ១០០ ម៉ែត្រ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅចំណុចអាងបឹងទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលជាការឧបត្ថម្ភគាំទ្រថវិកាសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន។
តាមប្លង់គម្រោង សួននេះនឹងត្រូវបានរៀបចំឲ្យមានការសាងសង់នូវរូបបដិមា សម្ដេចវិបុលបញ្ញា សុខ អាន បណ្ណាល័យ ទីលានកីឡា កន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូក ង កន្លែងឆ្លុះកែវយឹត ចំណតរថយន្ត និងទោចក្រយានយន្ត ផែ ទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្ធពិធីផ្សេងៗ។
សម្រាប់ដំណើរការសាងសង់វិញ បច្ចុប្បន្ននេះ អាជ្ញាធរកំពុងតែដំណើរការឈូសឆាយចាក់បំពេញអាចម៍ដី និងស្ដារអាងទឹកបឹងទន្លាប់ជាបណ្ដើរៗហើយ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឲ្យដឹងថា សួនវប្បធម៌ សម្តេចវិបុលបញ្ញាសុខ អាន គិរីវង់ នឹងផុសអណ្តែតរូបរាងឡើង បង្ហាញសម្រស់យ៉ាងស្រស់ស្អាតលើទឹកដីស្រុកគិរីវង់ ខេត្តតាកែវ នាពេលឆាប់ៗខាងមុខ សម្រាប់ទុកឲ្យប្រជាពលរដ្ឋ ដើរលំហែកម្សាន្ត ហាត់ប្រាណ និងមានកន្លែងសម្រាប់ឲ្យបងប្អូន ចូលអានសៀវភៅ បង្កើនចំណេះដឹង និងសម្រាប់ទុកជាប្រយោជន៍សាធារណៈដ៏ទៅថ្ងៃខាងមុខៗផងដែរ៕


