សំណង់លំនៅឋានជាង ១ពាន់គម្រោង ក្នុងតំបន់ឧទ្យានអង្គរ ស្ថិតក្នុងការត្រួតពិនិត្យ
ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ១០២៩គ្រួសារ។
យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ មេសា ការចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសំណង់ក្នុងរមណីយដ្ឋានអង្គរ។
គួរបញ្ជាក់ផងដែរ រាល់ការស្នើសុំសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប មណ្ឌល៣ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកពួក ឬ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។
ក្នុងករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់។
អាជ្ញាធរបានបានបញ្ជាក់ទៀតថារាល់សំណើសាងសង់ផ្ទះទាំងអស់ គឺមិនមានការគិតថ្លៃនោះទេ។

