សំណើដែល Cambodia Airports ចង់រួមទុនជាមួយ OCIC លើគម្រោងព្រលានថ្មី នៅមិនទាន់សម្រេច

សំណើចង់រួមទុន និងសហការគ្នាលើគម្រោងអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី របស់ក្រុមហ៊ុន Cambodia Airports ទៅកាន់ក្រុមហ៊ុនOCIC នៅតែមិនទាន់សម្រេច ដោយភាគីទាំង២ កំពុងបន្តពិភាក្សាម្ដងហើយម្ដងទៀត។ នេះបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កាលពីសប្ដាហ៍មុន។

ជាក់ស្ដែង សំណើចង់បង្កើតក្រុមហ៊ុនរួម និងសហការលើគម្រោងព្រលានថ្មីនេះ ត្រូវបានធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ តែមកទល់បច្ចុប្បន្នមិនទាន់សម្រេចចេញជាផ្លែផ្កានោះទេ។ (អានបន្ថែម)

ភាគីស្នើគឺក្រុមហ៊ុន Vinci Airports និង ក្រុមហ៊ុន SCA ឬស្គាល់ជាទូទៅថាជាក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនគ្រប់គ្រងលើព្រលានភ្នំពេញនាពេលបច្ចុប្បន្ន។ ហើយសំណើគឺស្នើទៅកាន់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនទទួលសិទ្ធិសាងសង់ព្រលានថ្មី។

បើយោងតាម ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កិច្ចពិភាក្សាលើប្រធានបទនេះគឺនៅតែបន្ត ដើម្បីរកសេចក្តីសម្រេចរួមគ្នាមួយ ។

លោកថ្លែងថា៖ «ការពិភាក្សាគ្នាផ្តោតសំខាន់ថា តើភាគីទាំងពីរអាចសហការនឹងគ្នាបានឬទេ? ហើយបាន ឬមិនបាន គឺអាស្រ័យលើ Consensus [ការព្រមព្រៀងគ្នា] រវាងភាគីទាំង ២»។

- Video Advertisement -